ព័ត៌មានកីឡា

កីឡាករពិការ ដែលឈ្នះមេដាយប្រាក់ពីការប្រកួត យុវជនអាស៊ី បានវិលត្រលប់មកដល់មាតុ ប្រទេសវិញ


កីឡាករពិការកម្ពុជាវ័យ១៩ឆ្នាំ យ៉ាថុល រ៉ាដែត និងលោក យី សុភ័ក្រ្តា ប្រតិភូ និងជាគ្រូបង្វឹកបានវិលត្រលប់មកដល់មាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃពុធទី០៨ ខែធ្នូ ឆ្នាំ២០២១ ដោយនាំយកមកជាមួយនូវមេដាយប្រាក់១គ្រឿងជូនជាតិ ពីការប្រកួតកីឡាជនពិការយុវជនអាស៊ីអាស៊ី ឆ្នាំ២០២១ នៅប្រទេសបារ៉ែន ដោយទទួលស្វាគមន៍យ៉ាងកក់ក្តីពីឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

លោក យី សុភ័ក្រ្តា បញ្ជាក់ថា ការប្រកួតកីឡាជនពិការយុវជអាស៊ី បានដំណើរការប្រកួតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានប្រទេសក្នុងតំបន់អាស៊ីចូលរួម៤៥ប្រទេស ក្នុងនោះកម្ពុជាបានបញ្ជូនកីឡាករពិការម្នាក់ និងគ្រូបង្វឹកម្នាក់ ចូលរួមប្រកួតប្រជែងលើប្រភេទកីឡាអត្តពលកម្មចំនួន៣វិញ្ញាសា គឺវិញ្ញាសា២០០ម៉ែត្រ ៤០០ម៉ែត្រ និង១ ៥០០ម៉ែត្រ ហើយជាលទ្ធផល គឺកីឡាករ យ៉ាថុល រ៉ាដែត ដណ្តើមបានមេដាយប្រាក់១គ្រឿង លើវិញ្ញាសារត់ចម្ងាយ ១ ៥០០ម៉ែត្រ។

យុវជនជ័យលាភីមេដាយប្រាក់ យ៉ា ថុល រ៉ាដែត បង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលខ្លួនបានចូលប្រកួតប្រជែង និងបានឈ្នះមេដាយប្រាក់១គ្រឿង ជាលើកដំបូងយកមកជូនជាតិ នាពេលនេះ។ នេះគឺជាកម្លាំងចិត្ត ដើម្បីសាងជំនឿចិត្តរបស់ខ្លួនឱ្យប្តេជ្ញាចិត្តពុះពារការហ្វឹកហាត់បន្ត ដើម្បីបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការឈានឆ្ពោះទៅប្រជែងមេដាយមាស នៅក្នុងការប្រកួតអន្តរជាតិ នាពេលខាងមុខទៀត។

លោក ស្រី ស៊ំ វណ្ណារី ដែលជាម្តាយ យ៉ាថុល រ៉ាដែត បានបង្ហាញអារម្មណ៍រំភើបរីករាយ និងមោទនភាពចំពោះ ការខិតខំរបស់កូនប្រុសរបស់លោកស្រី ដែលនាំមកនូវកិត្តិយសជាតិពីលើឆាកអន្តរជាតិ នាពេលនេះ។ លោកស្រីប្តេជ្ញាលើកទឹកឱ្យកូនប្រុសរបស់លោកស្រីខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីឱ្យសមត្ថភាពកាន់តែល្អប្រសើរ នាពេលខាងមុខបន្តទៀត។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ថ្លែងថា ការឈ្នះបានមេដាយប្រាក់ជាលើកដំបូងរបស់យុវជន យ៉ាថុល រ៉ាដែត ពេលនេះគឺស្របតាមប្រសាសន៍របស់ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់បានលើកឡើងថា «ខ្មែរអាចធ្វើបាន»។ ដូច្នេះជ័យជម្នះនេះជាសក្ខីភាពមួយបញ្ជាក់ថា អត្តពលិកកម្ពុជាមានសមត្ថភាព ដោយចូលរួមលើកទី១ប្រជែងដណ្តើមបានមេដាយប្រាក់មកជូនកម្ពុជា និងទទួលបានការកោតសរសើរ ពីបណ្តាប្រទេសនៅលើពិភពលោក។

ឯកឧត្តមអគ្គលេខាធិការ បន្ថែមថា ការចូលរួមប្រកួតយុវជនអាស៊ី របស់ប្រភេទកីឡាពិការកម្ពុជា គឺជាការកសាងសមត្ថភាពរបស់អត្តពលិកពិការកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិ ។ ជាពិសេសគឺការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីបញ្ចប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រមាណ ២សប្តាហ៍៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី