កិច្ចប្រជុំពិភាក្សាស្ដីពី ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា ប្រារព្ធរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការនីតិកម្មនៃក្រសួងព័ត៌មាន ។
ឯកឧត្តម សុខ ប្រសិទ្ធ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាដោយលើកឡើងពីសារៈសំខាន់នៃកិច្ចពិភាក្សាគឺដើម្បីគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ក៏ដូចជារួមចំណែកលើកម្ពស់សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ហើយវេទិកានេះធ្វើឡើងក្នុងគោលបំណងបង្កើតបណ្ដាញក្រុមអ្នកច្បាប់ដើម្បីគាំទ្រនិងការពារអ្នកសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃជំងឺកូវីដ19 ដែលផ្អែកលើកិច្ចពិភាក្សាសំខាន់ៗមួយចំនួនមានដូចជា :
.កំណត់ដឹងនូវការគំរាមកំហែងផ្នែកច្បាប់ នឹងបង្ហាញពីភាពផ្លាស់ប្ដូរចំពោះកិច្ចគាំពារផ្នែកច្បាប់ក្នុងការគាំទ្រពីអ្នកសារព័ត៌មាន។
.សង្កត់បញ្ជាក់នូវសារៈសំខាន់នៃសេរីភាពនៃការបញ្ចេញមតិនិងសារព័ត៌មានដោយសេរី។
. កំណត់ដឹងនូវវិធានការឬវិធីសាស្រ្តផ្លូវច្បាប់ប្រកបដោយប្រសិទ្ធភាពដើម្បីការពារអ្នកសារព័ត៌មាន។
.របៀបដែលអ្នកជំនាញឬក្រុមការងារផ្នែកច្បាប់អាចសហការជាមួយគ្នា ដើម្បីគាំទ្រសុវត្ថិភាពរបស់អ្នកសារព័ត៌មាននិងដើម្បីទាមទារឲ្យមានការកែលម្អវិធានការផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន។
អត្ថបទ សុខ ពេជ្ររតនា
រូបភាព ហុង គា