ព័ត៌មានកីឡា

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រាប់អ្នកសារព័ត៌មានកីឡា ត្រៀមចូលរួមធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយប្រើជំនាញវិជ្ជាជីវ:របស់ខ្លួន


ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រាប់អ្នកសារព័ត៌មានទាំងអស់ថា «សូមអ្នកសារព័ត៌មានត្រៀមចូលរួមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយយកស្មារតីវិជ្ជាជីវៈសារព័ត៌មានកីឡា មកធ្វើការផ្សព្វផ្សាយជាលក្ខណៈវិជ្ជមាន ដើម្បីលើកកម្ពស់ គុណតម្លៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ» ។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ដ្រី បានធ្វើឡើងក្នុងពិធីបិទវគ្គសិក្សា «តួនាទីអ្នកសារព័ត៌មានកីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន» ដែលជាវគ្គជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីភាព ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ុ (MIKAMI MASAHIRO) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា នេះគឺជាវគ្គដ៏មានសារសំខាន់ ត្រូវនឹងពេលវេលាដែលកម្ពុជា កំពុងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង ស្របពេលកម្ពុជានៅខ្វះខាតច្រើន ចំពោះអ្នកសារព័ត៌មានជំនាញវិជ្ជាជីវៈកីឡា។ ដូច្នេះ ឯកឧត្តមសង្ឃឹមថា វគ្គនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកសារព័ត៌មានកីឡាកម្ពុជា ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ជំនាញកីឡា ដើម្បីរួមចំណែកផ្ដល់ព័ត៌មានកីឡា ជូនសាធារណជនប្រកបដោយគុណភាពជំនាញកីឡាពិប្រាកដ។

ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ក្នុងសម័យកាលកីឡាទំនើប និងចលនាអូឡាំពិកទំនើប យើងចាត់ទុកសារព័ត៌មានកីឡា គឺជាដៃគូជំរុញការអភិវឌ្ឍចលនាអូឡាំពិក និងចលនាកីឡាជាតិ ដែលមិនអាចខ្វះបាន។ ពិសេសសម័យកាល Digital និង Social Media បានគ្របដណ្ដប់រាល់សកម្មភាពកីឡា និងព្រឹត្តិការណ៍ប្រកួតកីឡា ទាំងកម្រិតជាតិ និងអន្តរជាតិ ដោយលើកកម្ពស់គុណតម្លៃកីឡា កាន់តែខ្ពស់ និងផ្តល់គុណភាពផ្សព្វផ្សាយ កាន់តែមានប្រសិទ្ធភាពទាក់ទាញអ្នកទស្សនាបានយ៉ាងច្រើនកុះករ»។

សហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ដដែលបន្ដថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមដំបូលនៃសន្តិភាព វិស័យកីឡា និងចលនាអូឡាំពិកកម្ពុជា បានបោះជំហ៊ានយ៉ាងស្វាហាប់ និងសកម្មបំផុតឆ្ពោះទៅសមាហរណកម្មកម្រិតសមត្ថភាពកីឡាកម្ពុជា ទៅក្នុងតំបន់ ទ្វីប និងពិភពលោក។ ការរីកចម្រើន លូតលាស់ឆាប់រហ័ស និងផុសផុលក្នុងសង្គម ការចាប់អារម្មណ៍ និងចូលរួមសកម្មភាពកីឡារបស់យុវជន និងប្រជាពលរដ្ឋ បានបង្ហាញពីការដឹកនាំត្រឹមត្រូវ និងប៉ិនប្រសប់ ជាមួយគោលនយោបាយកីឡាច្បាស់លាស់របស់រាជរដ្ឋាភិបាល ទើបវិស័យកីឡាជាតិ ទទួលបាននូវសមិទ្ធផលការងារគូរជាទីមោទន:បែបនេះ។

ទន្ទឹមនឹងការរីកចម្រើនវិស័យកីឡាជាតិឆាប់រហ័សយ៉ាងនេះ ក៏អាចជះឥទ្ធិពលអវិជ្ជមានមួយចំនួន ប្រសិនបើធនធានមនុស្សវិស័យកីឡាដើរមិនទានសភាពការណ៍ មិនធ្វើទំនើបកម្ម និងស្វែងរកវិជ្ជាជីវៈជំនាញកីឡាឲ្យទាន់ពេលវេលា ពិសេសសារព័ត៌មានដែលមិនមានវិជ្ជាជីវៈកីឡាជំនាញ អាចបំពុលបរិយាកាសកីឡា និងសង្គមជាតិទាំងមូលបាន។ ដូចនេះ មានតែការបណ្ដុះបណ្ដាល ចែករំលែកបទពិសោធន៍ជំនាញអ្នកសារព័ត៌មានកីឡា ទើបអាចជួយដល់ការអប់រំកីឡា ឆ្ពោះទៅរកជោគជ័យ ទាំងអស់គ្នា។

តាមរយៈនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងនាមថ្នាក់ដឹកនាំកីឡាម្នាក់ បានផ្ដល់ជាគតិ និងអនុសាសន៍មួយចំនួន ដល់សិក្ខាកាម ដែលជាអ្នកសារព័ត៌មានទាំងអស់ថា÷

១-សូមអ្នកសារព័ត៌មានកីឡាកម្ពុជា បន្តសិក្សាស្វែងយល់ និងចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកីឡា ទ្រឹស្តីកីឡា រដ្ឋបាលកីឡា បទប្បញ្ញត្តិកីឡា និងយល់ដឹងឱ្យច្បាស់ពីគោលការណ៏លេងដោយយុត្តិធម៌ “Fair Play” និងក្រមសីលធម៌កីឡា។

២-សូមអ្នកសារព័ត៌មានត្រៀម ចូលរួមធ្វើជាម្ចាស់ផ្ទះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ដោយយកស្មារតីវិជ្ជាជីវៈសារព័ត៌មានកីឡា មកធ្វើការផ្សព្វផ្សាយជាលក្ខណៈវិជ្ជមាន ដើម្បីលើកកម្ពស់ គុណតម្លៃព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ។

៣-គណៈកម្មាធិការជាតិ CAMSOC ត្រៀមបើកវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មានកីឡា ជាបន្តបន្ទាប់ទៀត ដោយស្នើសុំបន្តកិច្ចសហការជាមួយ Japan Asia Foundation និងក្លិបអ្នកកាសែតកម្ពុជាបន្តទៀត។

ទន្ទឹមជាមួយគ្នា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ុ បានថ្លែងកោតសរសើរ ចំពោះមជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន ដែលបានសហការជាមួយក្លិបអ្នកកាសែតកម្ពុជា ពិសេសគណៈកម្មាធិការជាតិ CAMSOC ដែលរៀបចំវគ្គនេះឡើង តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីអ្នកជំនាញសារព័ត៌មាន និងជំនាញកីឡាជប៉ុន អំពីទស្សនៈនៃអត្ថបទ រូបថត ការអត្ថាធិប្បាយជាដើម ដែលទាក់ទងនឹងសារព័ត៌មានកីឡា រួមទាំងបទពិសោធន៍ នៃការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នាទីក្រុងតូក្យូ កាលពីថ្មីៗ។

ឯកឧត្តមឯកអគ្គរាជទូតបន្ដថា «គន្លឹះនៃភាពជោគជ័យនៃស៊ីហ្គេម ដែលជាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៣ គឺស្ថិតនៅលើវិស័យសារព័ត៌មាន ដែលវាមិនមែនជាការនិយាយបំផ្លើសទេ។ ខ្ញុំសង្ឃឹមថា អ្នកសារព័ត៌មាន នឹងប្រើប្រាស់ជំនាញដែលមានរៀងៗខ្លួន រីកចម្រើនរួមគ្នា ជាមួយនឹងកីឡាករ ដើម្បីគោលដៅឆ្នាំ២០២៣ ហើយផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវភាពក្លៀវក្លារបស់កីឡាករកម្ពុជា ក៏ដូចជាអាស៊ីអាគ្នេយ៍»។

សូមបញ្ជាក់ថា វគ្គសិក្សាស្តីពី «តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន» នេះ សហការរៀបចំដោយមជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន និងក្លិបអ្នកកាសែតកម្ពុជា ដោយទទួលបានការគាំទ្រពេញទំហឹងពីគណៈកម្មាធិការជាតិ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានសិក្ខាកាមចូលរួមជិត ១០០នាក់។ វគ្គបណ្តុះបណ្តាលនេះ បែងចែកជា ២វគ្គ ដោយវគ្គទី១ សិក្សារយៈពេល ៤ថ្ងៃ កាលពីថ្ងៃទី០១-០៤ ខែវិច្ឆិកា និងវគ្គទី២ សិក្សាពីថ្ងៃទី០៦-០៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅទីស្នាក់ការ NOCC៕

ប្រភពពីCAMSOC

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី