ព័ត៌មានជាតិ

សូមអបអរសាទរ ក្រុមITC មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានឈ្នះពានរង្វាន់Best Idea Award (ពានរង្វាន់ផ្នែកគំនិត)


សូមអបអរសាទរ ក្រុមITC មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានឈ្នះពានរង្វាន់Best Idea Award (ពានរង្វាន់ផ្នែកគំនិត) ក្នុងកម្មវិធីការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2021 តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ពានរង្វាន់ផ្នែកគំនិត គឺជាពានរង្វាន់កិត្តិយស ត្រូវបានផ្តល់ពិន្ទុដោយគណៈកម្មការ លើភាពថ្មី និងប្លែកលើបច្ចេកទេសក្នុងការផលិតរ៉ូបូតចូលរួមប្រកួតប្រជែង ក្រៅពីពានរង្វាន់ការប្រកួតចំពោះវិញ្ញាសា។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon 2021 មានក្រុមចូលរួមចំនួន២១ មកពី១១ប្រទេស ប្រកួតលើវិញ្ញាសា គប់ព្រួញចូលថូ។

ដោយសារតែវិបត្តិជំងឺកូវីដ១៩ ការប្រកួតត្រូវធ្វើឡើងក្នុងវិធីសាស្រ្តប្រកួតនៅទីលានរៀងៗខ្លួន តែតភ្ជាប់នឹងប្រព័ន្ធវីដេអូ។ ក្រុមណាដែលបញ្ជារ៉ូបូតគប់ព្រួញចូលថូច្រើនជាងគេនោះក្នុងចំណោមទាំងពីរប្រកួត គឺជាអ្នកឈ្នះ។

ជាលទ្ធផល -វិទ្យាស្ថានបច្ចេកវិទ្យាSepuluh Nopember មកពីប្រទេសឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ១

-វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាម៉ុងហ្គោលី ទទួលបានចំណាត់ថ្នាក់លេខ២

សម្រាប់កម្ពុជាយើង មានក្រុមចូលរួមចំនួន២ ដោយក្រុមNPIC វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១២ រីឯក្រុមITC វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៩ ក៏ពិតមែន តែក៏បានទទួលពានរង្វាន់ផ្នែកគំនិតផងដែរ។ ក្រុមកម្ពុជាមានចំណាត់ថ្នាក់ខ្ពស់ជាងក្រុមមួយចំនួនមកពី ជប៉ុន ចិន ហុងកុង និងថៃផងដែរ។

គួររំលឹកថា នេះជាលើកទី៥ ដែលទូរទស្សន៍ជាតិកម្ពុជា បានបញ្ជូនក្រុមរ៉ូបូតចូលរួមប្រកួតអន្តរជាតិ។ ក្រុមរ៉ូបូតកម្ពុជា តែងតែវិវត្តន៍ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ ហើយតែនាំយកពានរង្វាន់ជូនជាតិស្ទើរមិនដែលខាន។

សូមកុំភ្លេចថា ក្រោយចប់ការប្រកួតអន្តរជាតិ ទូរទស្សន៍ជាតិកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២១ ដោយផ្ទាល់ ក្រោយពីការពន្យាពេលដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមវិញ្ញាសា គប់ព្រួញចូលថូ ដូចគ្នា។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង