ព័ត៌មានកីឡា

សម្រិតសម្រាំងបានម្ចាស់ជ័យលាភី ការប្រកួតកីឡាទ្រីយ៉ាត្លុង ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១


ការប្រកួតកីឡា ទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តកែប បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីគណៈកម្មការបច្ចេកទេស របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សម្រិតសម្រាំង បានម្ចាស់ជ័យលាភី លើវិញ្ញាសា ទាំងអស់រួចរាល់ហើយនោះ។

ជ័យលាភីលើវិញ្ញាសា អាគ័រត្លុង (ហែលទឹក+រត់) លេខ១ មេដាយមាស កីឡាករ សៀង ណូរ៉ា ក្លិបក្រសួងការពារជាតិ។ ឌូយ៉ាត្លុងបុរស-នារី (រត់+ជិះកង់+រត់) លេខ១ បានទៅលើកីឡាការិនី អ៊ួន ចន្ទភត្រា និងកីឡាករ កាង ធឿន ដែលជ័យលាភីទាំងពីរ មកពីក្លិបក្រសួងមហាផ្ទៃដូចគ្នា។ ទ្រីយ៉ាត្លុងបុរស-នារី (ហែលទឹក+ជិះកង់+រត់) ចំណាត់លេខ១ កីឡាករ នាង ពេជ្រពិសិដ្ឋ ខណៈលេខ១នារី កីឡាការិនី អ៊ួន ចន្ទភត្រា ដែលអ្នកទាំងពីរ មកក្លិបក្រសួងមហាផ្ទៃដូចគ្នា។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់ថា ការប្រកួតកីឡាទ្រីយ៉ត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានដំណើរការដោយរលូនល្អ ជាពិសេសក្រោមការផ្តល់កិត្តិយស និងការលើកទឹកចិត្តពីឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។ ឆ្នាំនេះ មានកីឡាករ កីឡាការិនីចូលរួមលើវិញ្ញាសាទាំងអស់ សរុប៥៧នាក់ ក្នុងនោះមានកីឡាករ កីឡាការិនីបរទេសចំនួន ១៥នាក់។

អគ្គលេខាធិការរូបនេះ បានបង្ហាញនូវភាពរីករាយជាខ្លាំង ដែលលទ្ធផលបច្ចេកទេសឆ្នាំនេះ បានល្អប្រសើរ ដោយសារសហព័ន្ធបានរៀបចំការបោះជំរុំហ្វឹកហាត់សម្រាប់កីឡាករ កីឡាការិនី មុនការប្រកួត និងវគ្គបណ្តុះបណ្តាលបច្ចេកទេស មុនការប្រកួតជើងឯកថ្នាក់ជាតិនេះ ដែលព្រឹត្តិការណ៍ទាំងមូល ទទួលបានលទ្ធផលជាផ្លែផ្កាល្អ ខុសប្លែកពីឆ្នាំមុនៗ ពីព្រោះថា នៅក្នុងការប្រកួតលើវិញ្ញាសាចម្បងៗ គឺយើងឲ្យកីឡាករ កីឡាការិនីជម្រើសជាតិ អាចលេងបាន២វិញ្ញាសាធំៗ។ ឆ្នាំមុនៗ កីឡាករ ឬកីឡាការិនីម្នាក់ លេងតែ១វិញ្ញាសាប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះយើងបានឲ្យពួកគាត់លេងទាំងពីរវិញ្ញាសា ដែលនេះ ជាគំរូមួយ ដែលកីឡាករ ឬកីឡាការិនីម្នាក់ អាចលេងបាន២វិញ្ញាសា ដូចនៅក្រៅប្រទេសមួយចំនួន។ ជារួម លោកវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបញ្ចេញថាមពល កម្លាំង និងបច្ចេកទេស របស់អត្តពលិកទាំងអស់ ដែលមានការកើនឡើងសម្រាប់ឆ្នាំ២០២១នេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបមានប្រសាសន៍ថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត យើងបានខិតខំសហការគ្នាយ៉ាងល្អប្រសើរ ដោយព្យាយាមធ្វើយ៉ាងណា កុំឲ្យមានគ្រោះថ្នាក់។ «អ្វីដែលសំខាន់ យើងប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន នៅតាមដងផ្លូវ ដែលកីឡាករ កីឡាការិនីយើងប្រកួត ដោយសារប្រភេទកីឡាទ្រីយ៉ាត្លុង គឺមានហែលទឹក ជិះកង់ និងរត់ប្រណាំង ពោលគឺយើងបានខិតខំសម្របសម្រួលជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ព្រមទាំង បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។ យើងឃើញថា ព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រពីមហាជន និងក៏បង្ហាញពីសមត្ថភាពនៃការរៀបចំ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់អត្តពលិក ដោយធ្វើឲ្យការប្រកួតថ្នាក់ជាតិនេះ ដំណើរការដោយរលូន និងជោគជ័យ»៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី