ព័ត៌មានកីឡា

លោកជំទាវ គឹម សេដ្ឋានី ជំរុញឲ្យគ្រូបង្វឹកតេក្វាន់ដូ WT ប្រឹងប្រែងដើម្បីការអភិវឌ្ឍកាន់តែប្រសើរ


លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ WT តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ បានជំរុញលើកទឹកចិត្ត ឲ្យសិក្ខាកាម ជាគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ដែលបញ្ចប់វគ្គសិក្សាគប្បីប្រឹងប្រែងយកចំណេះដឹងទៅជួយអភិវឌ្ឍកីឡានេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបិទបញ្ចប់កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខា ចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកជំទាវ គឹម សេដ្ឋានី បានវាយតម្លៃខ្ពស់ចំពោះការខិតខំសិក្សារបស់សិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីក្រេបយកចំណេះដឹង អំពីជំនាញគ្រូបង្វឹកកីឡាតេក្វាន់ដូWT នាពេលនេះ។ លោកជំទាវក៏កោតសរសើរលោកប្រធាន ម៉ៅ ស្រេង អនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ ដែលបានផ្តល់ទីតាំង សម្រាប់រៀបចំវគ្គនេះ ដែលជាការចូលរួមអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូWT កម្ពុជា ឲ្យមានការរីកចម្រើនទៅមុខបន្តទៀត។

ឯកឧត្តម ជ្រិន សុធា អគ្គលេខាធិការសហព័ន្ធ ខេមរសហព័ន្ធតេក្វាន់ដូ WT គូសបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូWT រាជធានី-ខេត្ត សរុបចំនួន ២០នាក់ (ស្រី ១៣នាក់) ក្នុងនោះ មកពីខេត្តបាត់ដំបងចំនួន ០៣នាក់(ស្រី ០១នាក់) ខេត្តសៀមរាបចំនួន ០៤នាក់(ស្រី ០២នាក់) និងរាជធានីភ្នំពេញចំនួន ១៣នាក់(ស្រី ១០នាក់)។ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូWT ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ អាចដំណើរការទៅបាន ដោយសារមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿន ដល់ការអភិវឌ្ឍន៍របស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២១។ ចំពោះលទ្ធផលប្រឡងបញ្ចប់វគ្គ ដែលទទួលបានរួមមាន៖ និទ្ទេសល្អ ០៣នាក់ (ស្រី១) ស្មើនឹង១៥%, ល្អបង្គួរ ០៩នាក់ (ស្រី៧) ស្មើនឹង៤៥% និងមធ្យម ០៨នាក់ (ស្រី៥) ស្មើនឹង៤០%។

ឯកឧត្តម បន្ថែមថា វគ្គនេះក៏ជាការផ្តល់ឱកាស ដល់សិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាននូវបទពិសោធន៍ ជាច្រើនទៀតពីគ្រូបង្គោល ដែលជាគ្រូបង្វឹកអន្តរជាតិ ក្នុងការត្រៀមខ្លួនក្លាយជាគ្រូបង្វឹកថ្នាក់ជាតិបន្តវេនជំនាន់ក្រោយៗ ហើយក៏ជាក្តីសង្ឃឹម សម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ នៅក្នុងការផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូWT ឲ្យបានទូលំ ទូលាយ និងបន្តអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យផងដែរ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី