ព័ត៌មានកីឡា

យុទ្ធនាការបញ្ជ្រាបការផ្សព្វផ្សាយ «គុណតម្លៃអូឡាំពិក» នៅខេត្តកែបបានបញ្ចប់ដោយជោគជ័យ


យុទ្ធនាការផ្សព្វផ្សាយកម្មវិធី «គុណតម្លៃអូឡាំពិក» ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ចប់ដោយជោគជ័យ សម្រាប់ថ្ងៃទី២ កាលពីចុងសប្តាហ៍កន្លងទៅ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប បន្ទាប់ពីបើកយុទ្ធនាការថ្ងៃទី១ កាលពីម្សិលមិញ នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង (ខេត្តកែប)។

 

លោក ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសប្រចាំវគ្គអប់រំគុណតម្លៃអូឡាំពិក នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លើកឡើងថា ប្រធានបទសំខាន់ៗនៃកម្មវិធីនេះ គឺការធ្វើបទបង្ហាញលើការអប់រំគុណតម្លៃអូឡាំពិក ការប្រកួតកីឡាអូឡាំពិក និងការអប់រំចលនាអូឡាំពិក។ ទី២ គឺយុទ្ធនាការផ្សព្វផ្សាយការអប់រំសង្គម ប្រជាជនម្នាក់លេងកីឡាមួយមុខ ជៀសឆ្ងាយពីគ្រឿងញៀន យល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ កម្ពុជាស្អាត និងបដិសណ្ឋាកិច្ចល្អ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាជាប្រវត្តិសាស្ត្រដំបូង។

លោកបន្ថែមថា កម្មវិធីគុណតម្លៃអូឡាំពិក នៅខេត្តកែបនេះ គឺមានការចូលរួមពីសិស្សានុសិស្សចំនួន ១០០នាក់ (ពីរវិទ្យាល័យ) ដោយលោកសង្កេតឃើញថា សិស្សទាំងអស់ បានចូលរួមក្រេបយកចំណេះដឹងពីកម្មវិធី ព្រមទាំងទទួលបានភាពរីករាយជាខ្លាំង ក្នុងការចូលរួមលេងកីឡានានា ដែលកម្មវិធីបានរៀបចំ។ យុទ្ធនាការផ្សព្វផ្សាយនេះ នឹងបន្តធ្វើនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ដោយក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងបន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីរៀបចំផ្សព្វផ្សាយនូវយុទ្ធនាការនេះជូនដល់សិស្សានុសិស្សចំនួន ៣រាជធានី-ខេត្តផ្សេងទៀត នាពេលខាងមុខជាបន្តបន្ទាប់។

សូមបញ្ជាក់ថា សិស្សានុសិស្សជាច្រើននាក់ ដែលបានផ្តល់នូវចំណាប់អារម្មណ៍របស់ខ្លួន បានបង្ហាញនូវក្តីរីករាយជាខ្លាំង ដែលខ្លួនបានចូលរួមលេងកីឡា ព្រមទាំងទទួលបានចំណេះដឹងពីគោលដៅនៃយុទ្ធនាការ អប់រំគុណតម្លៃអូឡាំពិក ជាពិសេសគឺគោលដៅដ៏ចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី