ព័ត៌មានកីឡា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញលើកទឹកចិត្ត ដល់ព្រឹត្តិការណ៍ប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១


ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញផ្តល់កិត្តិយស និងលើកទឹកចិត្ត ក្នុងឱកាសបិទការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលចាត់ទុកថា ការងារអប់រំកាយ និងកីឡា ជាយានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម ពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»។ តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តម ហោ ណាំហុង ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគប្បីខិតខំហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមកជូនជាតិ និងធ្វើឲ្យអន្តរជាតិ ស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។ ដើម្បីជំរុញឲ្យវិស័យកីឡារាំកម្ពុជា កាន់តែរីកចម្រើន ទទួលបានជោគជ័យថ្មីៗថែមទៀត ឯកឧត្តមបានអំពាវនាវ ដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងប្រជាពលរដ្ឋ អាចយកកូនមកចូលហាត់រៀនកីឡារាំបន្ថែម ដើម្បីសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមចូលរួមបន្តឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ថវិកា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទំាងអស់គ្នា ដើម្បីកីឡា ឆ្ពោះទៅជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៥០នាក់ មកពី៦ក្លិប ដោយមានវិញ្ញាសាប្រកួតរាំអន្តរជាតិ ចំនួន២៣។ ការប្រកួតនេះ បានដំណើរការក្រោមការឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការចូលរួមឧបត្ថម្ភបន្ថែម ពីក្រុមហ៊ុនចំនួន១៨ផ្សេងទៀត។ បន្ទាប់ពីដំណើរការប្រកួតពេញមួយថ្ងៃ គណៈកម្មការបច្ចេកទេស បានសម្រិតសម្រាំងរកឃើញម្ចាស់ជ័យលាភីលើគ្រប់វិញ្ញាសាទាំងអស់។

សូមបញ្ជាក់ថា នៅក្នុងឱកាសបិទការប្រកួតជើងឯកថ្នាក់ជាតិនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ ឆៃ ច័ន្ទរិទ្ធិសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ឯកឧត្តមឧកញ៉ា ប៉ិច ប៉ូឡែន អនុប្រធានសហព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី