ព័ត៌មានកីឡា

តេក្វាន់ដូ ITF កម្ពុជា ជម្រាបជូនអាស៊ីអាគ្នេយ៍ពីដំណើរឆ្ពោះ ទៅស៊ីហ្គេម ២០២៣ ដើម្បីតម្លាភាព និងយុត្តិធម៌


ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡា តេក្វាន់ដូ ITF កម្ពុជា បានថ្លែងថា យើងបានជម្រាបបណ្តាប្រទេស អាស៊ីអាគ្នេយ៍ ទាំងអស់អំពីការហ្វឹកហាត់ ត្រៀមលើវិញ្ញាសា ដែលកំណត់ នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដោយមិនមែនដល់ពេលទើបយើងប្រាប់ពួកគាត់នោះទេ។ ដូច្នេះការរៀបចំ ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ លើប្រភេទកីឡា តេក្វាន់ដូ ITF គឺឈរលើគោលការណ៍ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ពីព្រោះយើងបានចេញវិញ្ញាសាទាំងអស់យ៉ាងលម្អិតជូនដល់បណ្តាប្រទេសនានាឲ្យបានដឹងមុន ដើម្បីបានត្រៀមខ្លួនទាំងអស់គ្នា ខណៈការរៀបចំ និងការប្រកួត ប្រកបដោយសេចក្តីថ្លៃថ្នូ និងកិត្តិយសជាតិ។

នេះការបញ្ជាក់របស់ ឯកឧត្តមអគ្គលេខាធិការ នៅក្នុងឱកាសកិច្ចប្រជុំ របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ដឹកនាំដោយឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ ។

ឯកឧត្តម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានថ្លែងថា ក្រៅពីពិនិត្យមើលលើសកម្មភាពវឌ្ឍនភាព ការងារសហព័ន្ធ អាស៊ីអាគ្នេយ៍ គឺឯកឧត្តម កែវ រ៉េមី ក៏បានជម្រាបជូន អំពីដំណើរឆ្ពោះទៅទទួល ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ ដោយបានបញ្ជាក់ អំពីវិញ្ញាសា ដែលត្រៀមប្រកួត ព្រមជាមួយ នឹងការគោរពគោលការណ៍ លេងដោយយុត្តិធម៌។

ឯកឧត្តមអគ្គលេខាធិការ សង្កត់ធ្ងន់ថា «យើងក៏បានបញ្ជាក់ជំហរ ជូនបណ្តាប្រទេសទាំងអស់ ជាថ្មីផងដែរ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺកម្ពុជានៅតែច្បាស់លាស់ក្នុងការរៀបចំ តាមការគ្រោងទុក ដោយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ក៏មានការរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើង យ៉ាងអធិកអធមក្រោមវត្តមានដ៏ ខ្ពង់ខ្ពង់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន»។

ជាមួយគ្នានោះ បណ្តា ប្រទេស អាស៊ីអាគ្នេយ៍ ក៏បានបង្ហាញនូវក្តីបារម្ភ លើផ្នែកប្រព័ន្ធ (System) លើការចុះឈ្មោះ និងការប្រកួតជាដើម ដូច្នេះសហព័ន្ធកីឡា តេក្វាន់ដូ ITF កម្ពុជា បានជម្រាបជូនពួកគាត់ ដែរថា លើផ្នែកប្រព័ន្ធនេះ គឺខាងសហព័ន្ធកីឡា តេក្វាន់ដូ ITF អន្តរជាតិ ជាអ្នករ៉ាប់រង ជួយទាំងអស់លើ ផ្នែកបច្ចេកទេសប្រព័ន្ធនេះ លើដំណើរការ នៃការចុះឈ្មោះ ការឲ្យពិន្ទុ ការកាត់សេចក្តី លើប្រព័ន្ធអេឡិចត្រូនិក ដូច្នេះការប្រកួតេក្វាន់ដូ ITF នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា គឺគោរពតាមស្តង់ដារ អន្តរជាតិ។ នៅក្នុងអំឡុង ប្រជុំថ្ងៃនេះ ក៏ពង្រឹងការអភិវឌ្ឍ នៅតាមប្រទេសរៀងៗខ្លួន ក៏ដូចជា បានផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ដល់គ្នាទៅវិញទៅមក ដើម្បីឲ្យវិស័យជំនាញ តេក្វាន់ដូនេះ ឈានដល់ស្តង់ដា មួយដូចនៅបណ្តាប្រទេសអឺរ៉ុបដែរ។

ឯកឧត្តម បួនហ៊ីង សុធីយ៉ា បន្ថែមថា សម្រាប់ប្រទេស ក្នុងអាស៊ីអាគ្នេយ៍ លើផ្នែកវិស័យកីឡា តេក្វាន់ដូ ITF ដែលត្រៀម ចូលរួមប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ មាន៧ប្រទេសកម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហបុរី និងហ្វីលីពីន។ ITF កម្ពុជាត្រូវបានដាក់គោលដៅដណ្តើមមេដាយមាសឲ្យបាន១៥គ្រឿង ដោយសារតែប្រភេទតេក្វាន់ដូ ITF កម្ពុជាកំពុងមានសក្តានុពលខ្លាំង ដោយកាលពីឆ្នាំ២០១៩ ក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទសប៊ុលហ្គារី គឺកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១១ ក្នុងចំណោម៨៧ប្រទេស ហើយបើប្រៀបធៀបការប្រកួតទ្វីបអាស៊ី នៅប្រទេសម៉ុងហ្គោលី កាលពីឆ្នាំ២០១៨ គឺកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសកូរ៉េខាងជើង។ ដូច្នេះការដាក់គោលដៅដណ្តើមមេដាយមាសឲ្យ១៥គ្រឿងរបស់តេក្វាន់ដូ ITF កម្ពុជា នៅពេលពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មិនមែនជាឧបស័គ្គធំពេកទេ ដោយសារកីឡាករ កីឡាការិនីជម្រើសជាតិនៅតែអាចបន្តការហ្វឹកហាត់ជាប់ជាប្រចាំ ហើយឯកឧត្តម កែវ រ៉េមី តែងតែត្រួតពិនិត្យបច្ចេកទេសដោយផ្ទាល់ ក៏ដូចជាផ្តល់ការលើកទឹកចិត្ត ដើម្បីបន្តការអភិវឌ្ឍប្រជែងមេដាយឲ្យបានជោគជ័យ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី