ព័ត៌មានកីឡា

បិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតបឋមកីឡា ប្រដាល់គុនខ្មែរ


វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានដល់គ្រូៗគ្រប់បណ្តាសមាគម-ក្លិប មានរយៈពេល៧ថ្ងៃ នៅសាលប្រជុំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាបានបិទបញ្ចប់ដោយជោគជ័យ ។

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋាន ដល់គ្រូៗគ្រប់បណ្តាសមាគម-ក្លិប ដើម្បីពង្រីកការយល់ដឹងខ្ពស់ លើការងារហ្វឹកហាត់បច្ចេកទេសក្បាច់គុនខ្មែរឲ្យបានសមស្របតាមស្តង់ដារដើម្បីឈានឆ្ពោះទៅការប្រកួតកីឡា SEA GAMES 2០21 លើកទី៣១នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ឯកឧត្តមសង្កត់ធ្ងន់ថា ចំពោះសិក្ខាកាមមិនគោរពវិន័យតាមកម្មវិធីសិក្សា និងពុំទទួលបាននូវវិញ្ញាបនបត្រ បញ្ជាក់ការសិក្សានេះឡើយ ដោយមានជូនភ្ជាប់ នូវបទបញ្ជាផ្ទៃក្នុងដល់ គ្រប់សិក្ខាកាមទាំងអស់ ដើម្បីបានពិនិត្យ និងអនុវត្ត។ វិញ្ញាបនបត្រនេះ មានតម្លៃសម្រាប់គ្រូបង្វឹកទាំងអស់បានចូលរួមវគ្គបណ្តុះបណ្តាល តាមកាលបរិច្ឆេទនៃការរៀបចំរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានត្រឹមត្រូវ និងខិតខំយកចិត្តទុកដាក់ក្នុងការសិក្សានេះ ទទួលបានលទ្ធផលល្អប្រសើរ។

លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធ និងអ្នកគ្រប់គ្រងវគ្គបានលើកឡើងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានជ្រើសរើសគ្រូបង្វឹក ដែលសុទ្ធសឹងអ្នកដែលមានសមត្ថភាពកម្រិតវប្បធម៌ ថ្នាក់កម្រិតមធ្យមមកទទួលយកចំណេះដឹង ផ្នែកបច្ចេកទេសនៃការបង្វឹកដល់រួមមាន ការងារអប់រំចិត្តសាស្ត្រ និងក្រមសីលធម៌ ការងារប្រយុទ្ធប្រឆាំង និងការប្រើប្រាស់ សារធាតុដូប៉ាក្នុងវិស័យកីឡាប្រដាល់ ការងារកិច្ចតែងការ សម្រាប់គ្រូបង្វឹក វិធីសាស្ត្របង្ហាត់កម្លាំងកាយ ភាពអំណត់ ភាពទន់ភ្លន់ និងបង្រៀនការធ្វើផែនការហ្វឹកហាត់ ការងារថ្វាយបង្គំគ្រូ ក្បាច់ប្រយុទ្ធ និងក្បាច់ការពារ។

លោកបន្ថែមថា វគ្គនេះមានសារៈសំខាន់ណាស់ ចំពោះជាគ្រូបង្វឹកទាំងអស់ ដើម្បីទទួលបានចំណេះដឹងនេះ យកទៅអនុវត្ត នៅក្នុងសមាគម-ក្លិបរបស់ខ្លួន។ សិក្ខាកាមចំនួន ២៥នាក់បានចូលរួមក្នុងវគ្គសិក្សានាគ្រូឧទ្ទេសនាមចំនួន៣រូប លោក អ៊ុន ខេមរិន្ទ លោក ឈិត សារឹម និងលោកគ្រូពេទ្យ ផឹម ផល្លារ។

ឆ្លៀតឱកាសនេះដែរ លោកអនុប្រធានសហព័ន្ធបានក្រើនរម្លឹកដល់គ្រូៗទាំងអស់ ដែលបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតបឋម នាពេលនេះ ត្រូវយកអស់ស្មារតី ខិតខំយកចិត្តទុកដាក់ បង្កើននូវសមត្ថភាព យល់ដឹងឲ្យបានច្រើនធ្វើការកត់ត្រាឲ្យបានច្បាស់ ដើម្បីពង្រីកចំណេះដឹងឲ្យបានល្អប្រសើរ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី