ព័ត៌មានកីឡា

ក្លិបក្រសួងមហាផ្ទៃឈរលើកំពូលតារាង មេដាយ ការប្រកួតតេក្វាន់ដូ WT ជើងឯកថ្នាក់ជាតិ ២០២១


ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលា ACE ចាក់អង្រែក្រោម បានឈានដល់ថ្ងៃបញ្ចប់ នៅល្ងាចថ្ងៃអង្គារ៍ទី២១ ខែធ្នូ ឆ្នាំ២០២១ ដោយក្លិបក្រសួងមហាផ្ទៃឈរនៅលើកំពូលតារាងមេដាយ ដោយឈ្នះមេដាយមាស ៤ និងសំរឹទ្ធ១។

ចំពោះក្លិបពិភពថ្មី ឈរនៅចំណាត់ថ្នាក់លេខ២ ដោយឈ្នះមេដាយមាស ២ ប្រាក់២ និងសំរឹទ្ធ១ និងលេខ៣ ក្លិបសាមគ្គី មេដាយមាស ២ និងប្រាក់១ ខណៈ៧ក្លិបផ្សេងទៀតដណ្តើមបានមេដាយមាស១គ្រឿងដូចគ្នា។ ដោយឡែកបណ្តាក្លិបចំនួន១៣ផ្សេងទៀត មិនដណ្តើមបានមេដាយមាស ប៉ុន្តែមានខ្លះដណ្តើមបានមេដាយប្រាក់ និងខ្លះទៀតទទួលបានមេដាយសំរឹទ្ធផងដែរ។

លោក គង់ សក្ខិដា អគ្គលេខាធិការរង ខេមរសហព័ន្ធតេក្វាន់ដូ WT គូសបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១នេះមានក្រុមកីឡាករ-កីឡាការិនី គណៈប្រតិភូ និងគ្រូបង្វឹកចំនួន១២៣នាក់ (កីឡាករ ៥៤នាក់ និងកីឡាការិនី ៤២នាក់) មកពី២៧ក្លិបទូទៅប្រទេស ក្នុងនោះមកពីខេត្តសៀបរាម បាត់ដំបង កំពង់ចាម កណ្តាល និងរាជធានីភ្នំពេញ។ ការប្រកួតនេះមានមាន១៧វិញ្ញាសា ក្នុងនោះវិញ្ញាសាប្រយុទ្ធ ១០ប្រភេទទម្ងន់ ក្នុងនោះផ្នែកបុរស ៥វិញ្ញាសា និងផ្នែកនារី ៣វិញ្ញាសា ខណៈវិញ្ញាសាសម្តែងមេគុន សរុបចំនួន៧ ក្នុងនោះ កុមារានិងកុមារី ១២-១៤ឆ្នាំ មាន២វិញ្ញាសា, បុរស-នារី ១៥-១៧ឆ្នាំ មាន ២វិញ្ញាសា និងបុរស-នារី និងជាគូ អាយុ១៨ឆ្នាំឡើង មាន ៣វិញ្ញាសា។

លោកបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូWTជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ អាចដំណើរការទៅបានដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍរបស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២១ ទាន់ពេលវេលា។ តាមរយៈការប្រកួតបច្ចេកទេសកម្រិតខ្ពស់ប្រចាំឆ្នាំនេះ ជាការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីដណ្តើមជ័យលាភីរៀងៗខ្លួន ក្នុងគោលដៅឆ្ពោះទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ៅ ស្រេង ប្រធានស្ថាប័ន IDP&ACE កម្ពុជា និងជាអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ ជាតំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានរៀបចំការប្រកួតនេះប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម ជាពិសេសគឺការប្រកួតគោរពនូវបទបញ្ជាប្រកួត បានល្អប្រសើរ។

លោកអនុប្រធានបានចាត់ទុកថា ការប្រកួតនេះ គឺដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករកីឡាការិនីទាំងអស់ ត្រៀមជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិ ឆ្ពោះទៅកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ៕

 

 

 

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី