ព័ត៌មានកីឡា

ក្រុមកម្ពុជា See You Soon បញ្ចប់ការប្រកួតជើងឯកពិភពលោក M3 ជាមួយកំណត់ត្រាខ្ពស់ ខណៈជើងឯកបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ


ក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា See You Soon លើប្រភេទវិញ្ញាសា Mobile Legends: Bang Bang បានបញ្ចប់ការប្រកួតជើងឯកពិភពលោក M3 World Championship 2021 ហើយ ដោយបន្សល់នូវកំណត់ខ្ពស់សម្រាប់ខ្លួន បន្ទាប់ពីឆ្លងកាត់ការប្រកួត ២សប្ដាហ៍នៅសិង្ហបុរី ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈជើងឯកបានទៅក្រុមហ្វីលីពីន The Blacklist International អមប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ។

ក្នុងនាមជើងឯក MPL KH រដូវកាលទី១ ក្រុម See You Soon បានកាន់ទង់ជាតិកម្ពុជា ចូលរួមព្រឹត្តិការណ៍ពិភពលោកខាងលើ ដែលមានក្រុមខ្លាំងៗ ១៦ក្រុមមកពីប្រទេសផ្សេងៗគ្នាចូលរួម។ បេសកកម្មនេះក្រុមតំណាងកម្ពុជា ធ្វើមិនបានល្អនោះទេ ក្នុងវគ្គសន្សំពិន្ទុពូល C ដោយបរាជ័យទាំង ៣ប្រកួត។ ប៉ុន្ដែមិនទាន់អស់ឱកាសនោះទេ ដោយធ្លាក់ទៅប្រកួតវគ្គ Lower Bracket ដើម្បីបន្ដក្ដីសង្ឃឹមប្រកួតប្រជែងកៅអីវគ្គបន្ដទៀត។

ក្នុងវគ្គ Lower Bracket ដែលជាតំបន់ក្រុមចាញ់ពីវគ្គសន្សំពិន្ទុក្នុងពូលនេះ See You Soon របស់កម្ពុជា បានសាងភាពភ្ជាក់ផ្អើល ដោយធ្វើបានល្អលើសពីការរំពឹងទុក បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិប្រេស៊ីល RED CANIDS ក្នុងលទ្ធផល ២-០ ហើយបន្ដទៅជួបក្រុម TDK របស់ម៉ាឡេស៊ី ដើម្បីស្វែងរកបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយ។ ក្នុងការប្រកួតនេះ ក្រុមកម្ពុជា បានបើកការនាំមុខ ១-០ មុន តែគួរឲ្យស្ដាយក្រុមម៉ាឡេស៊ី បានវាយបកឈ្នះក្រុម See You Soon វិញ ២-១។

នេះជាលើកដំបូងរបស់ក្រុមតំណាងកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍ M3 World Championship។ តាមរយៈនេះមានន័យថា ក្រុម See You Soon បានរៀនសូត្រពីការបរាជ័យ ដើម្បីអភិវឌ្ឍខ្លួនរហូតស្គាល់ជ័យជម្នះដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ខ្លួនលើឆាកអន្តរជាតិ។ ចប់ព្រឹត្តិការណ៍នេះ See You Soon ទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម ១៦ក្រុម ព្រមទាំងទទួលបានប្រាក់រង្វាន់ ១៥,០០០ដុល្លារត្រឡប់មកមាតុភូមិវិញផងដែរ។

ចំពោះក្រុមហ្វីលីពីន The Blacklist International គឺបានយកឈ្នះក្រុមមិត្តរួមជាតិ ONIC PH ដោយលទ្ធផល ៤-០ នៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីក្លាយជាជើងឯកព្រឹត្តិការណ៍ពិភពលោក M3 នេះ។ ប៉ុន្ដែមុនលើកពាន ក្រុមហ្វីលីពីននេះក៏បានធ្លាក់ទៅប្រកួតវគ្គ Lower Bracket ដូចក្រុមកម្ពុជាដែរ បន្ទាប់ពីប្រកួតចាញ់ក្រុមអាមេរិកខាងជើង ៣-២ ក្នុងពូល។ បន្ទាប់មកទើបពួកគេបានយកឈ្នះ ៥ប្រកួតជាប់ៗគ្នា ដើម្បីគ្រងជើងឯក M3 រដូវកាលទី៣ នេះតែម្ដង។

សម្រាប់ប្រាក់រង្វាន់ជយលាភីសរុបចំនួន ៨០ម៉ឺនដុល្លារឯណោះ ដោយក្រុមជើងឯក The Blacklist International ទទួលបានប្រាក់រង្វាន់ ៣០ម៉ឺនដុល្លារ, ក្រុមលេខ២ ONIC PH ទទួលបាន ១២ម៉ឺនដុល្លារ, លេខ៣ ក្រុមម៉ាឡេស៊ី BTK ទទួលបាន ៨ម៉ឺនដុល្លារ, លេខ៤ ក្រុមសិង្ហបុរី Evos SG ទទួលបាន ៥៥,០០០ដុល្លារ ខណៈលេខ៥ និងលេខ៦ ក្រុម TODAK (ម៉ាឡេស៊ី) និង RRQ Hoshi (ឥណ្ឌូណេស៊ី) ទទួលបាន ៤ម៉ឺនដុល្លារ។

ដោយឡែកក្រុមលេខ៧ និងលេខ៨ ក្រុម Natus Vincere (តំបន់ CIS) និង Keyd Stars (ប្រេស៊ីល) ទទួលបាន ៣ម៉ឺនដុល្លារ។ ក្រុមលេខ៩ ដល់លេខ១២ រួមមានក្រុម See You Soon របស់កម្ពុជា, RSG SG (សិង្ហបុរី), BEDEL (តួកគី) និង ONIC Esports (ឥណ្ឌូណេស៊ី) ទទួលបានប្រាក់រង្វាន់ ១៥,០០០ដុល្លារស្មើគ្នា ព្រមទាំងក្រុមលេខ១៣ ដល់លេខ១៦ រួមមានក្រុម RED Canids (ប្រេស៊ីល), Malvinas Gaming (អាមេរិកឡាទីន), GX Squad (មជ្ឈិមបូព៌ា) និង Team SMG (ម៉ាឡេស៊ី) ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១ម៉ឺនដុល្លារដូចគ្នាផងដែរ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី