ព័ត៌មានកីឡា

លីគអាជីព MPL-KH Pro League ត្រឡប់មកវិញ ជាមួយពាក្យ «កើតមកពូកែ» និងទម្រង់ប្រកួតថ្មីដ៏អស្ចារ្យ


ព្រឹត្តិការណ៍ប្រកួតលីគ អេឡិចត្រូនិកអាជីព MPL-KH Pro League នៃវិញ្ញាសា Mobile Legends: Bang Bang វិលត្រឡប់មកវិញ ជាមួយនឹងទម្រង់ប្រកួត កាន់តែអស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ ជាងរដូវកាលទី១ ។

លីគ Mobile Legends: Bang Bang MPL-KH Pro League 2021 ដែលជារដូវកាលទី១ បានក្លាយជាផ្ទះនៃកីឡាអេឡិចត្រូនិក សម្រាប់វិញ្ញាស MLBB ដ៏សំខាន់បំផុត និងឈានមុខគេ ប្រចាំ ប្រទេសកម្ពុជា ដែលផ្តល់ឱកាសដ៏អស្ចារ្យ ដល់អត្តពលិកកម្ពុជា បញ្ចេញស្នាដៃ ពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួន ។ 2021 MPL-KH មានក្រុមចូលរួម យ៉ាងច្រើនរហូតដល់២៥៦ក្រុម ធ្វើការប្រកួតវគ្គជម្រុះ ដើម្បីស្វែង ក្រុមខ្លាំង១៦ចុងក្រោយ បន្តជម្រុះសល់ត្រឹមតែ ៤ក្រុមចុងក្រោយ ឡើងទៅប្រកួត វគ្គវិលជុំសន្សំពិន្ទុ ជាមួយក្រុមខ្លាំង៤ផ្សេងទៀត ដែលរងចាំស្រាប់ ។ ទីបំផុតក្រុម See You Soon បានក្លាយជាជើងឯក MPL-KH Pro League រដូវកាលទី១ និងបានតំណាងឲ្យកម្ពុជា ទៅប្រកួតជើងឯកពិភពលោក M3 ហើយពួកគេធ្វើបានយ៉ាងល្អ ស្ថិតនៅចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមក្រុម ទាំង១៦ មកពីទូទាំងពិភពលោក។

ពេលនេះ MPL-KH Pro League រដូវកាលថ្មី ឆ្នាំ២០២២ ដែលរៀបចំ ដោយក្រុមហ៊ុន Moonton Games ជាមួយ នឹងម្ចាស់ឧបត្ថម្ភ និងដៃគូសហការជាច្រើន វិលត្រឡប់មកវិញ ដោយមានទម្រង់ប្រកួតថ្មី កាន់តែអស្ចារ្យ ទាក់ទាញ និងកាន់តែអាជីព ។ វានឹងក្លាយជាការប្រកួត ដ៏ស្វិតស្វាញ រំភើបរីករាយ និងអស្ចារ្យ នៅពេល MPL-KH Pro League ត្រូវបានបែងចែក ជា២វគ្គផ្សេងគ្នា គឺវគ្គ Spring Split និងវគ្គ Autumn Split ។ សម្រាប់វគ្គ Spring Split រំលេចដោយ ទ្រឹស្តី«កើតមកពូកែ» ដែលនឹងផ្តល់ជូនអត្តពលិកស្វែងរក ការបំពេញក្តីស្រមៃ តាមរយៈទេពកោសល្យ និងភាពឆ្លាតវៃឆ្ពោះរកភាពរុងរឿង ។ ដូច្នេះវាមានន័យថា ក្រុមនីមួយៗ នឹងមានឱកាសចូលរួមប្រកួត២ដង ក្នុងមួយឆ្នាំ ។

គួរបញ្ជាក់ថា លីគ Mobile Legends: Bang Bang MPL-KH Pro League ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជាដែលកំពុងត្រៀមខ្លួន និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈការប្រកួតប្រជែងច្រើន ធ្វើអោយមានការរីកចម្រើន និងឈានទៅប្រកួតប្រជែងដណ្តើមមេដាយ និងពានរង្វាន់ពីលើឆាកអន្តរជាតិមកជូនកម្ពុជា ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី