ព័ត៌មានកីឡា

Mobile Legend ពានរង្វាន់ T.Y Media E-Champion ជាចំណែកនៃការអភិវឌ្ឍធនធានកីឡាករឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣


ព្រឹត្តិការណ៍ប្រកួតកីឡា អេឡិកត្រូនិក លើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ នឹងចាប់ផ្តើមប្រកួត ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយត្រូវបានអ្នកជំនាញចាត់ទុកថា គឺជាចំណែកដ៏ សំខាន់ក្នុងការរួម ចំណែកអភិវឌ្ឍន៍ធានធាន កីឡាករត្រៀមឆ្ពោះទៅ ទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៩ ខែមករា នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡារ អេឡិចត្រូនិកកម្ពុជា បានចាត់ទុកថា ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១នេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងការជួយជំរុញ ការអភិវឌ្ឍគុណភាព សមត្ថភាពកីឡាករ កាន់តែរីកចម្រើន បន្ថែមទៀត ពីព្រោះថាវិស័យកីឡា អេឡិចត្រូនិក មានបេសកកម្មធំៗ ចំនួនពីរ គឺត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក បន្ថែមថា ការប្រកួតលើវិញ្ញាសា Mobile Legendពានរង្វាន់ T.Y Media E-Champion គឺវិញ្ញាសាមួយដ៏សំខាន់ដូចវិញ្ញាសាផ្សេងៗទៀតដែរ ក្នុងការបង្កើតឱកាសថ្មីមួយក្នុងការបង្កើនសមត្ថភាពកីឡាករត្រៀមចូលរួមប្រកួតធំៗនាពេលខាងមុខ។ តាមរយៈការប្រកួតនេះ លោកសង្ឃឹមថានឹងរកបាននូវលទ្ធផលល្អប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។

លោក ធី វ៉ាយ អគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង (ឯ.ក) បានបង្ហាញនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងសហព័ន្ធកីឡាអេឡិត្រូនិកកម្ពុជា ក្នុងការផ្តល់ទំនុកចិត្ត ដល់ក្រុមហ៊ុន របស់លោក ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍវិស័យកីឡា អេឡិចត្រូនិកនៅកម្ពុជា។ លោកបានអះអាងថា ការរៀបចំ ការប្រកួត នេះពិតជាមានសារៈសំខាន់ ក្នុងការបង្កើន ធនធានកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការរៀបចំការប្រកួត ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២។ ជាមួយគ្នានេះ ការប្រកួតមានប្រាក់រង្វាន់សរុប ១០០លានរៀល ក្នុងនោះចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ ៥០ ០០០ ០០០រៀល, លេខ២ ទឹកប្រាក់ ២៥ ០០០ ០០០រៀល, លេខ៣ ទឹកប្រាក់ ១៥ ០០០ ០០០រៀល, លេខ៤ ទឹកប្រាក់ ៤ ០០០ ០០០រៀល។ លើសពីនេះទៅទៀតក៏មានប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់៤ក្រុមដែលមិនបានទៅវគ្គបន្ត ដោយក្នុង១ក្រុមទទួលបានប្រាក់រង្វាន់ ១ ៥០០ ០០០រៀល។

លោកអគ្គនាយកក្រុមហ៊ុនរូបនេះបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ថា ក្រុមហ៊ុននឹងបន្តការរៀបចំនៅរដូវកាលក្រោយៗទៀត ដើម្បីបន្តគាំទ្រយ៉ាងសកម្ម ក្នុងការជួយដល់ការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី