ព័ត៌មានកីឡា

សមាគមអតីតនិស្សិត MVU រៀបចំការប្រកួតកីឡាបាល់ដក់អបអរទិវាជ័យជម្នះ ៧មករា


សមាគម អតីតនិស្សិត សាកលវិទ្យាល័យ វេទមហាឫសី (MVU) បានរៀបចំ ការប្រកួតកីឡា បាល់ដក់ ដើម្បីចូលរួមអបអរសាទរ ទិវាជ័យជម្នះ៧មករា នៅទីលាន អ៊ីមភឺរៀល រាជធានីភ្នំពេញ ។

ឯកឧត្តម មួន វាសនា ទីប្រឹក្សា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា មានប្រសាសន៍ថា នេះការជួបជុំលេង កីឡាបាល់ដក់ ដែលកីឡាករ ជាអតីតនិស្សិត សាកលវិទ្យាល័យ វេទមហាឫសី (MVU) បច្ចុប្បន្ន បានប្តូរឈ្មោះ ទៅជាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ដែលជាការប្រកួតកីឡាប្រចាំឆ្នាំ ក្នុងគោលបំណងលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងរម្លឹកអនុស្សាវរីយ៍ ចំពោះអតីតនិស្សិតគ្រប់ៗ ជំនាន់ទាំងអស់ធ្លាប់រស់នៅសិក្សា ក្នុងភាពកម្សត់កម្រ ជាមួយគ្នានៅឯ ស្រុកកំចារមារ ខេត្តព្រៃវែង។ អ្វីដែលពិសេស គឺការប្រកួតនេះ គឺដើម្បីអបអរទិវាជ័យជម្នះ៧មករា ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ហើយថ្ងៃរំដោះ៧មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។

ឯកឧត្តម មួន វាសនា បន្ថែមទៀតថា ការប្រកួតកីឡាបាល់ ដក់ឆ្នាំ២០២២នេះ គឺសមាគម MVU បានរៀបចំ ពានរង្វាន់ចំនួន៣ គឺពានរង្វាន់ ៧មករា, ពានសហគមន៍ និងពាន ចក្រភពបាល់ដក់ MVU ដែលជាពានបើករដូវកាល ២០២២។

លោក ឈាង ភារិទ្ធ កីឡាករ MVU បានលើកឡើងដែរថា នេះជាជួបជុំប្រកួតកីឡា ដែលថ្នាក់ដឹកនាំសមាគម MVU តែងតែរៀបចំជាច្រើនលើកក្នុង១ឆ្នាំៗ ដើម្បីផ្តល់ឱកាសដល់កីឡាករជាអតីតនិស្សិត MVU ទាំងអស់បានជួបជុំគ្នាបង្កើនបាននូវភាពស្និទ្ធស្នាល រក្សាបាននូវចំណងមិត្តភាពសាមគ្គីភាព និងប្រកួតកីឡាដើម្បីសុខភាពផងដែរ។ នេះជាមោទនភាព ដែលលោក និងដៃគូបានប្រកួតឈ្នះពានរង្វាន់ ៧មករា នាពេលនេះ។ លោកបង្ហាញក្តីរីករាយ និងចូលរួមអបអរសាទរចំពោះទិវាជ័យជម្នះ៧មករា ដែលជាថ្ងៃកំណត់ទី២របស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ ក្រោយថ្ងៃរំដោះ៧មករា រហូតដល់បច្ចុប្បន្ន ដែលមានរយៈពេល៤៣ឆ្នាំ គឺយើងទាំងអស់គ្នាបានរស់នៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

សូមបញ្ជាក់ថា ជ័យលាភីនៃព្រឹត្តិការណ៍នេះ រួមមាន៖ ពានរង្វាន់៧មករា បានទៅលើលោក ឈាង ភារិទ្ធ និង លោក យ៉ែម ប្រាជ្ញ, ជ័យលាភីពាន MVU Community 2022 បានទៅលើលោក អ៊ីវ ប៊ុនថុន និងលោក ស័ក្ត ណាវ៉ារ៉ូ និងពានរង្វាន់ចក្រភពបាល់ដក់ MVU បានទៅលើកីឡាករ វន អូន រហ័ននាម តាក់ជើងទា៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី