ព័ត៌មានកីឡា

វ៉ូវីណាម មានមហិច្ឆតាចង់ឃើញចៅក្រម-អាជ្ញាកណ្ដាល យ៉ាងតិច៥នាក់ កាត់សេចក្ដីក្នុងស៊ីហ្គេម ឆ្នាំ២០២៣


សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានបង្ហាញមហិច្ឆតា ចង់ឲ្យមានចៅក្រម-អាជ្ញាកណ្ដាល យ៉ាងតិច ៥នាក់កាត់ សេចក្ដីលើទីលាន ក្នុងការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍ នាដើមឆ្នាំ២០២៣ ពិសេសក្នុង ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាម ជាម្ចាស់ផ្ទះ ។ នេះបើតាមការបញ្ជាក់ របស់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធ ។

ការដាក់គោលដៅ បែបនេះ ធ្វើឡើងក្នុង ពិធីបិទវគ្គបណ្ដុះបណ្ដាល ចៅក្រម និងអាជ្ញាកណ្ដាល កម្រិត «ក» នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ បន្ទាប់ពីឆ្លងកាត់ ការសិក្សារយៈពេល ៥ថ្ងៃ ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ ក្រោមការបង្ហាត់បង្រៀនរបស់គ្រូឧទ្ទេសកម្រិតអន្ដរជាតិ ២រូប គឺលោក Master Nguyen Van Coung គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាវ៉ូវីណាម និងលោក ទេព ជីវសុខុម គ្រូជំនួយក្រុមជម្រើសជាតិ ។

ឯកឧត្តម អ៊ូ រតនា បានបន្ដថា ស៊ីហ្គេមនៅកម្ពុជា សល់ពេលជាង ៤៥០ថ្ងៃទៀតប៉ុណ្ណោះ ។ ដូច្នេះទន្ទឹមជាមួយការអភិវឌ្ឍនូវធនធានកីឡាករ-កីឡាការិនី ពីសំណាក់គ្រូបង្វឹក ធនធានចៅក្រម-អាជ្ញាកណ្ដាល ក៏ត្រូវពង្រឹងការអភិវឌ្ឍផងដែរ ព្រោះការអភិវឌ្ឍទៅលឿន ក៏ត្រូវមានការចូលរួមដ៏សកម្មពីចៅក្រម-អាជ្ញាកណ្ដាលដែរ ។ បើចៅក្រម-អាជ្ញាកណ្ដាល អនុវត្តតួនាទីភារកិច្ចប្រកបដោយយុត្តិធម៌ត្រឹម គឺជាការលើកទឹកចិត្តមួយដ៏ខ្ពស់ សម្រាប់កីឡាករ-កីឡាការិនីក្នុងការប្រកួត ។

តាមរយៈនេះ ឯកឧត្តមបានស្នើឲ្យចៅក្រម-អាជ្ញាកណ្ដាលទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវភាពសច្ច និងយុត្តិធម៌ ពេលឡើងកាត់សេចក្ដីលើទីលាន ដ្បិតឆ្លងកាត់សិក្សាប៉ុន្មានថ្ងៃនេះ សហព័ន្ធបានធ្វើការជាមួយសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ដោយនឹងជូនដំណឹងឲ្យចៅក្រម-អាជ្ញាកណ្ដាលកម្ពុជា ដែលបានចូលរួមសិក្សាវគ្គនេះ នឹងបញ្ជូនទៅធ្វើចៅក្រម-អាជ្ញាកណ្ដាល នៅរាជធានីហាណូយ ក្នុងការប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២២ ខាងមុខ ដើម្បីជាបទពិសោធន៍ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ឯកឧត្តមប្រធានសហព័ន្ធ បានសង្កត់ធ្ងន់ថា «មុនស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា យើងក៏ត្រូវធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍មួយទៀត នាខែមករា ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកបានអនុញ្ញាតហើយ ។ យើងធ្វើនេះ ដើម្បីជាទុនក្នុងការ Pre-Sea Games ។ ចឹងទាមទារឲ្យមានចៅក្រម-អាជ្ញាកណ្ដាលរបស់យើងចូលរួមច្រើន ។ ពេលនោះយើងជាម្ចាស់ផ្ទះ យើងមិនមែនចូលតែ ២នាក់ទេ មហិច្ឆតារបស់សហព័ន្ធ គឺចង់យ៉ាងតិចក៏ ៥នាក់ដែរ ។ សង្ឃឹមថា សិក្ខាកាមទាំងអស់ ដែលជាចៅក្រម-អាជ្ញាកណ្ដាល នឹងធ្វើបាន» ។

ឯកឧត្តម យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះបានដំណើរការចាប់ពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២២ ដោយមានសិក្ខាកាម ២៥នាក់ (នារី៧នាក់) មកពី ១០រាជធានី-ខេត្តចូលរួម ។ ចំពោះការសិក្សាទ្រឹស្ដីបានធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងការអនុវត្តផ្ទាល់ធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ជាលទ្ធផលនៃការសិក្សា មានសិក្ខាកាមចំនួន១៥នាក់ទទួលបាននិទ្ទេសល្អ និង ១០នាក់ ល្អបង្គួរ ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី