ព័ត៌មានកីឡា

ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង ស្នើអោយកីឡាករ កីឡាការិនី ត្រូវពង្រឹងសមត្ថភាពត្រៀមដណ្តើមមេដាយ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា


ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានស្នើអោយកីឡាករ កីឡាការិនី ត្រូវពង្រឹងសមត្ថភាពត្រៀមដណ្តើមមេដាយ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ។ នេះជាលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធ ក្នុងឪកាសបិទការប្រកួតជ្រើសរើសឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅទីបញ្ជាដ្ឋានកងទ័ពពិសេសឆ័ត្រយោង ៩១១ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ឯកឧត្តម មៀច សុផាន់ណា បញ្ជាក់បន្ថែមថា ចុះឈ្មោះចូលរួមប្រកួតរបស់កីឡាករ កីឡាការិនីមានចំនួនច្រើនផុសផុលជាងឆ្នាំមុនៗកន្លងទៅ ប៉ុន្តែសហព័ន្ធធ្វើការកំណត់ចំនួនមួយដែលអាចគ្រប់គ្រង់ស្ថានភាពបាន ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តមប្រធានសហព័ន្ធ បានលើកឡើងទៀតថា ការប្រកួតថ្នាក់ជាតិ ឆ្នាំ២០២១ កីឡាករ កីឡាការិនីឆ្នើមៗ ដែលដណ្តើមបានជ័យលាភី នឹងត្រូវបានសហព័ន្ធជ្រើសរើសឲ្យជាប់ជាជម្រើសជាតិ ឆ្នាំ២០២២ ដើម្បីហ្វឹកហាត់បំប៉នសមត្ថភាពជាមួយគ្រូជំនាញរបស់សហព័ន្ធត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិនានា ។

ឯកឧត្តម មៀច សុផាន់ណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈម្មាការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើអោយប្រកួតនេះ បានផ្តល់ឱកាសដល់កីឡាករ-កីឡាការនី អាចធ្វើការប្រកួតបញ្ចេញសមត្ថភាពដណ្តើមយកជ័យលាភី ប្រកបដោយមិត្តភាព និងសាមគ្គីភាពគ្នា ។ ឯកឧត្តមប្រធាន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលនិយមចូលចិត្តកីឡាបាញ់កាំភ្លើង ឲ្យចូលរួមចុះឈ្មោះជាសមាជិករបស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ចូលរួមប្រកួតដែលសហព័ន្ធរៀបចំ ជៀសវាងការប្រើប្រាស់កាំភ្លើងនៅទីសាធារណៈខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ។ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់វិស័យឯកជន ដៃគូសហការមួយចំនួនដែលបានជួយឧបត្ថម្ភ គាំទ្រសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជានាពេលកន្លងមក ។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ដំណើរការប្រកួតរយៈពេល២ថ្ងៃ ដោយធ្វើការប្រកួតលើ២វិញ្ញាសា មានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងចំនួន៤៤នាក់ ក្នុងនោះកីឡាការនី ៦នាក់ ។ ជាលទ្ធផល វិញ្ញាសា កាំភ្លើងខ្លី ៩ មីលីម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាករ វុធថា ដាវណ្ណ មកពីក្លឹប ង ៧០ លេខ២ កីឡាករ អាន កក្កដា ក្លឹប បូកគោ លេខ៣ កីឡាករ ថាវវៈ ម៉ារ៉ាឌី ក្លឹប ង ៧០ វិញ្ញាសា កាំភ្លើងវែង២២ឡុង ៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាករ ប៉ុក សុផាន់ណូ ក្លឹបកីឡាកាំភ្លើង លេខ២ កីឡាករ ស៊ីម សែន ក្លឹប ៩១១ លេខ៣ កីឡាករ ឡាង ចាន់ធារ៉ា ក្លឹប កងរាជអាវុធហត្ថ ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី