ព័ត៌មានជាតិ

ក្រុមការងារជំនាញនាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី


ក្រោមការគាំទ្រថវិកាពីគម្រោងកាំប៉ាស (CAMPAS) បានការចុះធ្វើការសិក្សាស្រាវជ្រាវ និងវាយតម្លៃពីស្ថានភាពជីវៈចម្រុះនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ខេត្តមណ្ឌលគិរី ក្នុងគោលបំណងរៀបចំចងក្រងជាឯកសារ ដើម្បីដាក់ភ្នំណាមលៀរ ជាតំបន់ភូគព្ភសាស្ត្រ (Geopark) នៃអង្គការUNESCO។ ការសិស្សានេះយើងបែងចែកជាក្រុមរួមមាន ៖ ក្រុមថនិកសត្វធំ ក្រុមប្រចៀវនិងជ្រឹង ក្រុមសត្វស្លាប ក្រុមល្មូននិងថលជលិក ក្រុមសត្វល្អិតក្នុងទឹក ពពួកសប្បីសត្វ (Mollusc) និងក្រុមរុក្ខជាតិ។ ក្រុមនីមួយៗបានប្រើប្រាស់វិធីសាស្រ្តសិក្សាទៅតាមជំនាញរៀងៗខ្លួនដូចជា៖ ការដាក់កាមេរ៉ាថតរូបស្វ័យប្រវត្តិ ខ្សែបន្ទាត់ត្រង់ស៊ិក, ការដាក់អន្ទាក់មង (Mist nets) និងអន្ទាក់ចាប់តាមផ្លូវ (Harp-traps) នៅពេលយប់, ការស្តាប់សំលេង ការមើលដោយកែវឆ្លុះ (binoculars) ការប្រើប្រាស់សំណាញ់ដួសដោយដៃ ការដាក់ជម្រកសប្បនិមិ្មត (Artificial method) និងការជួបសម្ភាសន៍ផ្ទាល់ជាមួយប្រជាជននៅតំបន់នោះ។

ក្នុងការសិក្សានេះក្រុមជំនាញក៏បានធ្វើការប្រមូលនូវសំណាកសត្វ និងរុក្ខជាតិមួយចំនួនសម្រាប់រក្សាទុក និងបំពេញបន្ថែមសម្រាប់ការកំណត់អត្តសញ្ញាណរបស់ប្រភេទនីមួយៗផងដែរ។ ការសិក្សានេះ នឹងត្រូវបន្តធ្វើរហូដល់បំណាច់ខែមេសា ឆ្នាំ២០២២។ ចំពោះលទ្ធផលបឋមពីការសិក្សាយើងរកឃើញនូវថនិកសត្វធំចំនួន៧ប្រភេទ ពពួកប្រចៀវ១៤ប្រភេទ បក្សី៩៧ប្រភេទ ល្មូន ថលជលិក៣៨ប្រភេទ សត្វល្អិតក្នុងទឹកបានប្រមូលសំណាកចំនួន១៨កែវ និង៥៤បំពង់តូចៗ។ ក្នុងចំណោមនោះក៏មានប្រភេទមួយចំនួនស្ថិតនៅក្នុងការសង្ស័យអាចជាប្រភេទថ្មីសម្រាប់ពិភពលោក កំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា និងប្រភេទដែលទើបមានសំណាកដំបូងសម្រាប់ប្រទេសកម្ពុជា៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង