ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារចាក់វ៉ាក់សាំងមួយចំនួនដែលជាគោលដៅចាំបាច់សម្រាប់ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ


បន្ទាប់ពីបញ្ចប់បេសកម្មនៅក្នុងខេត្តស្វាយរៀងរួចមកលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយ លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជានិងក្រុមការងាររបស់ក្រសួងសុខាភិបាលបានបន្តដំណើរមកកាន់ខេត្តកោះកុងបន្ថែមទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារចាក់វ៉ាក់សាំងមួយចំនួនដែលជាគោលដៅចាំបាច់សម្រាប់ចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានទីតាំងស្ថិននៅ វិទ្យាល័យស្រែអំបិល ផ្សារស្រែអំបិល មណ្ឌលសុខភាពត្រពាំងរូង។

លោកជំទាវ ឱ វណ្ណឌីន បានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារស្ថិតនៅខេត្តកោះកុងឪនេះផងដែរ។ក្នុងពេលជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នេះដែរ លោកជំទាវ ឱ វណ្ណឌីន បានកត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួនមានការយល់ដឹងខ្ពស់ក្នុងការស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារពីជំងឺកូវីដ-១៩ ជាពិសេសទៀតនោះគឺវីរុសបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់។ លោកជំទាវបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយបានចល័តវ៉ាក់សាំងក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយចំនួនបានចុះចាក់ទៅតាមទីតាំងគោលដៅសំខាន់ៗដែលមានដូចជា សាលារៀន រោងចក្រ វត្តអារាម ក៏ដូចជាតាមទីផ្សារផងដែរ។

ជារួមគ្រូពេទ្យនៅក្នុងខេត្តកោះកុងនៅតែបន្ដត្រៀមលក្ខណៈដដែល ដើម្បីឆ្លើយតបក្នុងករណីមានការងើបឡើងវិញ នៃជំងឺកូវីដ-១៩។ លោកជំទាវ បានអះអាងថាបើទោះបីមានការងើបឡើងវិញ ក្រុមគ្រូពេទ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដោយហេតុថាធ្លាប់ឆ្លងកាត់ដំណាក់កាលឆ្លងខ្លាំងកាលពីពេលកន្លងទៅ។

លោកជំទាវ បានមានប្រសាសន៍ឲ្យអាជ្ញាធរខេត្តជំរុញឲ្យមូលដ្ឋានសុខាភិបាលសាធារណៈខេត្តកោះកុងនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងគោលដៅសំខាន់ៗមួយចំនួនមានការខិតខំប្រឹងប្រែង ដើម្បីឲ្យមានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានច្រើន និងលឿន ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវបានបន្ដណែនាំឲ្យក្រុមគ្រូពេទ្យ ត្រូវតែបង្ខិតការចាក់វ៉ាក់សាំងឲ្យទៅដល់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋ ដូចអ្វីដែលបានអនុវត្តនាពេលកន្លងមកបន្ថែមទៀត សំដៅធ្វើយ៉ាងណាជំម្រុញដល់ប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់ដូសជំរុញ ត្រូវតែមកចាក់ឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពសាំក្នុងសហគមន៍។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង