ព័ត៌មានជាតិ

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USA-ASEAN Business Council “US-ABC”)


នាវេលាម៉ោង ៣:៣០រសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (USA-ASEAN Business Council “US-ABC”) ដឹកនាំដោយលោក Amb. Michael Michalak អនុប្រធានជាន់ខ្ពស់ និងនាយកគ្រប់គ្រងតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា រួមជាមួយតំណាងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកចំនួន ១៣ រួមមាន៖ 3M, Abbott, Chevron, Amazon, Conoco Phillips, ExxonMobil, Ford, Meta, Visa, Pernod Ricard, Philip Morris, RMS Group និង Roche ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលបានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន នៃតំបន់អាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេស ការគាំទ្រ និងចូលរួមផ្តល់នូវអនុសាសន៍សំខាន់ៗ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (ASEAN Finance Ministers' and Central Bank Governors' Meeting “AFMGM”) ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងធនាគារ-ជាតិនៃកម្ពុជា កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅនេះ ។ ធាតុចូលពីវិស័យឯកជន គឺជាវិភាគទាន និងធាតុចូលដ៏សំខាន់សម្រាប់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និង វិនិយោគក្នុងតំបន់អាស៊ាន ។ សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា ដោយតម្លៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរមានចំនួនសរុបប្រមាណ ៧.៩ ពាន់លានដុល្លារ និងវិនិយោគពីសហរដ្ឋអាមេរិកមកកម្ពុជា​បានកើនដល់ ៨៦៣ លានដុល្លារ ក្នុងឆ្នាំ ២០២១ ។

លោក Amb. Michael Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងតំបន់នៃ US-ABC បាន សម្តែងនូវការអបអរចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំ AFMGM របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យដៃគូពាក់ព័ន្ធ ជាពិសេស វិស័យឯកជនផ្លាស់ប្តូរយោបល់ និងទស្សន វិស័យជុំវិញឱកាស និងបញ្ហាប្រឈមនានា សំដៅឈានទៅសម្រេចបាននូវការកសាងភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន ។ US-ABC ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ ក្នុងការគ្រប់គ្រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាពិសេស ការសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសបានប្រមាណ ៩០% និងបានឈានដល់ការបើកដំណើរ​ការសកម្មភាពសេដ្ឋកិច្ចបានពេញលេញនាពេលបច្ចុប្បន្ន ។ ជាទិសដៅទៅមុខ, US-ABC បានស្នើរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់លើចំណុចមួយចំនួន សំដៅលើកកម្ពស់បរិយាកាសវិនិយោគក្នុងប្រទេសកម្ពុជា និងសម្រេចបាននូវការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ដូចជា៖ ១. អនុវត្តគោលនយោបាយកាត់បន្ថយការប្រើប្រាស់រថយន្ដដែលបានប្រើប្រាស់រួច ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន និងលើកកម្ពស់វិស័យឧស្សាហកម្ម​ផលិត​រថយន្តក្នុងប្រទេសកម្ពុជា, ២. ជំរុញការកសាងសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម, ៣. អភិវឌ្ឍជំនាញបច្ចេកវិទ្យា និងការទូទាត់ឌីជីថល ដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថល, ៤.​ ពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធ, ៥. ធានានូវការផ្តល់ហិរញ្ញប្បទាន និងវិនិយោគគ្រប់គ្រាន់សម្រាប់វិស័យសុខាភិបាល, និង ៦. ជំរុញការធ្វើអន្តរកាលថាមពលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ។

​ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការជំរុញការអនុវត្តគោលនយោបាយសំខាន់ៗ ដែលបានដាក់ចេញកន្លងមក រួមមាន៖ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”, “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣”, “ច្បាប់ស្តីពីវិនិយោគថ្មី”, “ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន” ព្រមទាំងកំពុងត្រៀមដាក់ចេញនូវគោលនយោបាយ សំខាន់ៗ មួយចំនួនទៀត ដូចជា “គោលនយោបាយសារពើពន្ធដើម្បីជំរុញការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន”, “គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល”, “យុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២២-២០២៦” និង “ផែនទីបង្ហាញផ្លូវសម្រាប់ការធានារ៉ាប់រងសុខភាពជាសកល” ជាដើម ។

​សម្រាប់ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ ២០២២, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកំពូលអាស៊ានជាមួយសមាគមធុរកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២-១៣ ខែ ឧសភា ឆ្នាំ ២០២២ នៅសហរដ្ឋអាមេរិក ខាងមុខ ដើម្បីអបអរខួបនៃទំនាក់ទំនងរវាងភាគីទាំងពីរក្នុងរយៈពេលជាងបួនទសវត្សរ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា ការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយ, ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកប ដោយចីរភាព, ការអភិវឌ្ឍធនធានមនុស្ស និងការតភ្ជាប់សេដ្ឋកិច្ច ជាដើម ។

​ជាកិច្ចបញ្ចប់, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ US-ABC សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសតាមរយៈការផ្តល់មតិយោបល់លើការអនុវត្តគោលនយោបាយកំណែទម្រង់, ហិរញ្ញប្បទាន និងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ផ្សេងៗ ។ ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជួយឱ្យកម្ពុជាបំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយភាពជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរកការធ្វើ សមាហរណកម្មសេដ្ឋកិច្ចតំបន់ ប្រកបដោយភាពប្រកួតប្រជែង និងវិបុលភាព ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង