ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា


ក្នុងពិធីចុះហត្ថលេខាបន្តលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីអំពី កិច្ចសហប្រតិបត្តិការលើកម្មវិធី ធីតាសង្រ្កាន្ត ឆ្នាំថ្មី និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញាវីដេអូទៅវិញទៅមក រវាងទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុនហ្វឺសយូណាយ ណេតវើកអេនធើធេនមុិន

អនុស្សរណៈនៃការយោគយល់គ្នាស្តីអំពី កិច្ចសហប្រតិបត្តិការលើកម្មវិធី ធីតាសង្រ្កាន្ត ឆ្នាំថ្មី និងកិច្ចព្រមព្រៀងផ្តល់សិទ្ធិកម្មសិទ្ធិបញ្ញា វីដេអូ ទៅវិញ ទៅមក រវាងទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុនហ្វឺសយូណាយ ណេតវើកអេនធើធេនមុិន បានធ្វើពិធីចុះហត្ថលេខានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។

ភាគីចុះហត្ថលេខា ធ្វើឡើងរវាង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោកស្រី អុីង ស៊ែរ អគ្គនាយិកា ក្រុម ហ៊ុនហ្វឺសយូណាយ ណេតវើកអេនធើធេនមុិន ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍នសំដែងនូវការកោត សរសើរ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារនៃកិច្ចសហការរវាង ទូរទស្សន៍ជាតិកម្ពុជា និង ក្រុមហ៊ុន ហ្វឺសយូណាយ ណេតវើកអេនធើធេនមុិន ក្នុងការផលិតកម្មវិធីល្អៗបានជាច្រើន ធ្វើអោយទូរទស្សន៍ជាតិ ទទក កាន់តែមានប្រជាប្រិយ៍ភាព បន្តទៀត។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រៅពីកម្មវិធី ធីតាសង្រ្កាន្ត សម្រាប់ឆ្នាំទៅមុខ ទៀតនេះ សង្ឃឹមថា ទទក និងក្រុមហ៊ុន ហ្វឺសយូណាយ ណេតវើកអេនធើធេនមុិន នឹងធ្វើការផលិតកម្មវិធីល្អៗជាច្រើនទៀត ជាពិសេសការផ្លាស់ប្តូរវប្បធម៍រវាងប្រទេសទាំងពីរ កម្ពុជា ចិន បានកាន់តែមានភាពយល់គ្នាច្បាស់ ដូច ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ហើយថា ការរីកចំរើនរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្តាច់បានពីការជួយ និងកិច្ចសហការពីប្រទេសចិន ជាមិត្ត។ ដូច្នេះការស្វែងយល់ពីគ្នា គឺជាការចាំបាច់ដែលយើងកាន់តែមានកិច្ចសហការគ្នាល្អ កាន់តែយល់គ្នា ហើយដើម្បីជៀសរាល់ទំនាស់នានា ដែលអាចកើតមានឡើង អាស្រ័យលើកិច្ចសហប្រតិបត្តិការ ល្អ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញលើកទឹកចិត្តដល់ដៃគូកិច្ចសហការល្អទាំងពីរខាងលើ បន្តបំពេញកិច្ចការងារ ពិគ្រោះប្រាស្រ័យទាក់ទងជាមួយគ្នា ស្វែងរកវិស័យផ្សេងៗទៀត ដើម្បីជាផលប្រយោជន៍សម្រាប់ភាគី ទាំងពីរ និងភាពរីកចំរើនរបស់ប្រជាជន ទាំងពីរផងដែរ។

គួររំលឹកដែរថា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានិងក្រុមហ៊ុន ហ្វឺសយូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ដើម្បីជម្រុញ និងបង្កើនកិច្ចសហប្រតិបត្តិការឈរលើគោលការណ៍គាំទ្រគ្នាទៅវិញទៅមករវាងភាគីទាំងពីរ លើគម្រោងផលិតកម្មវិធី (ធីតាឯកសង្ក្រាន្ត) ហើយ ភាគីទាំងពីរមានបំណង បន្ត និងជម្រុញកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើរនិងប្រសិទ្ធិភាព ដើម្បីផលប្រយោជន៍រួមគ្នារយៈពេលយូរ។ ហេតុដូចនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាកែសម្រួលខ្លឹមសារ នៃប្រការមួយចំនួននៃអនុស្សរណៈតាម ខ្លឹមសារដូចមានចែងខាងលើ និងចុះហត្ថលេខានាឱកាសនេះ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង