ព័ត៌មានជាតិ

ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Board Group) ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី រួមមាន៖ (១).ឯកឧត្តម Tony McDonald នាយកប្រតិបត្តិប្រចាំប្រទេសអូស្រ្តាលី ប្រទេសអាហ្សែបាយហ្សង់ ប្រទេសកម្ពុជា ប្រទេសហ្សកហ្ស៊ី ទីក្រុងហុងកុង ប្រទេសចិន ប្រទេសគីរីបាទី រដ្ឋសហព័ន្ធមីក្រូនេស៊ី ប្រទេសណូរុ ប្រទេសប៉ាឡូ ប្រជុំកោះ សូឡូម៉ុន និងប្រទេសទូវ៉ាលូ (២).ឯកឧត្តម Takahiro Yasui នាយកប្រតិបត្តិប្រចាំប្រទេសជប៉ុន និង (៣).ឯកឧត្តម Sergio Lugaresi នាយកប្រតិបត្តិប្រចាំ ប្រទេសបែលហ្ស៊ិក ប្រទេសបារាំង ប្រទេសអ៊ីតាលី ប្រទេសព័រទុយហ្កាល់ ប្រទេសអេស្ប៉ាញ និងប្រទេសស្វីស ព្រមទាំង សហការីអមដំណើរ។ គោលបំណងនៃបេសកកម្មរបស់គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ ADB មកកម្ពុជានាពេលនេះ គឺដើម្បីពិនិត្យនិងស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនានានៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ជារួម ជាពិសេសក្នុងបរិការណ៍ថ្មីនៃភាពមិនប្រាកដប្រជានៃជំងឺកូវីដ-១៩, ការថមថយនៃសេដ្ឋកិច្ចសកលដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាភូមិសាស្រ្តនយោបាយ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងមួយចំនួន ដែលហិរញ្ញប្បទានដោយ ADB ក្នុងប្រទេសកម្ពុជា។

ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB Board Group) និងសហការី ហើយជូនពរសូមឱ្យទទួលបានជោគជ័យនៅក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការគាំទ្រកម្ពុជា ទាំងផ្នែកហិរញ្ញវត្ថុ, ផ្នែកបច្ចេកទេស និងជាពិសេសការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

គណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងកោតសរសើរ និងអបអរសាទរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសង្គមក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសាកលនេះប៉ុណ្ណោះទេ តែថែមទាំងអាចបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យកាលពីពេលថ្មីៗនេះទៀតផង។ គណៈប្រតិភូក៏បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន និងកម្រិតនៃការអភិវឌ្ឍប្រទេសរបស់កម្ពុជានាពេលនេះ ធៀបទៅនឹងរយៈកាលកន្លងទៅផងដែរ។

ក្នុងជំនួបពិភាក្សាការងារនេះ, ឯកឧត្តម វង្សី វិស្សុត និងគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ ADB បានធ្វើការផ្លាស់ប្តូរមតិយោបល់លើបញ្ហាមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងតួនាទីរបស់ ADB ក្នុងការឆ្លើយតបទៅ នឹងតម្រូវការរបស់ប្រទេសសមាជិកនីមួយៗ ក៏ដូចជាបញ្ហាប្រឈមនានា និងសភាពការណ៍នៅក្នុងតំបន់និងពិភពលោក។ ពាក់ព័ន្ធនឹងចំណុចនេះ, ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ស្ថានភាពភូមិសាស្រ្តនយោបាយនៅក្នុងតំបន់ និងពិភពលោក ក្នុងរយៈពេល ១០ឆ្នាំខាងមុខ នឹងកាន់តែតានតឹងឡើង ហើយតំបន់អាស៊ីខាងកើតនឹងក្លាយជាចំណុចក្តៅ ជាងគេ។ ម្យ៉ាងវិញទៀត ចរន្តនិងនិន្នាការនៃសកលភាវូបនីយកម្ម (Globalization) នឹងត្រូវបានជំនួសដោយតំបន់ ភាវូបនីយកម្ម (Regionalization) ឬក៏អាចធ្លាក់ចុះរហូតដល់កម្រិតប្រទេសទៀតផង។ ការណ៍នេះនឹងដាក់សម្ពាធមកលើការអភិវឌ្ឍសេដ្ឋកិច្ច ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ក៏ដូចជានៅក្នុងកម្រិតប្រទេសនីមួយៗ ព្រោះការធ្វើគោលនយោបាយសេដ្ឋកិច្ចពឹងលើខ្លួនឯងទាំងស្រុង (self-efficiency economy) នឹងមិនរួមចំណែកដល់វិបុលភាពរបស់ពិភពលោកទាំងមូលឡើយ។ ដូចនេះ ជម្រើសដែលល្អបំផុត និងតែមួយគត់ ដើម្បីដោះបញ្ហានេះ គឺការសម្របសម្រួលផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីជៀសវាងឱ្យបាននូវការប្រឈមដាក់មុខគ្នា ប៉ុន្តែជំរុញការប្រកួតប្រជែង និងការបំពេញឱ្យគ្នាទៅវិញទៅមក រវាងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា ដែលមានស្រាប់ក្នុងតំបន់ ដូចជា ក្របខណ្ឌអាស៊ានបូកជាមួយគ្រប់ដៃគូពាក់ព័ន្ធ (ASEAN Plus) និង RECP ជាដើម ក៏ដូចជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលទើបនឹងបង្កើតថ្មី ដូចជាក្របខណ្ឌសេដ្ឋកិច្ចដើម្បីវិបុលភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ឬក៏ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗទៀតដែលអាចនឹងត្រូវបង្កើតឡើងនាពេលអនាគត។ ឯកឧត្តមបានបន្តថា កម្ពុជា ក៏ដូចជាអាស៊ាន នឹងរីករាយក្នុងការចូលរួមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទាំងអស់ ឱ្យតែក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងនោះ ធានាបាននូវសន្តិភាព និងកិច្ចអភិវឌ្ឍក្នុងតំបន់, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមជ្ឈភាពរបស់អាស៊ាន។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាដែលជាប្រទេសទទួលបាននូវវិបុលភាពតាមរយៈការបើកចំហរសេដ្ឋកិច្ចនៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សូមប្រឆាំងនឹងការគាំពារនិយម ហើយបន្តគាំទ្រនូវនិន្នាការនៃសកលភាវូបនីយកម្ម និងយន្តការពហុភាគីនិយម ក្នុងការគ្រប់គ្រងកិច្ចការពិភពលោក។ កម្ពុជាចង់ធ្វើជាមិត្តដ៏ល្អជាមួយគ្រប់ប្រទេសទាំងអស់ តែមិនចង់មានទំនាស់ជាមួយប្រទេសណាមួយឡើយ។ ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ចំពោះមុខស្ថានភាពនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គួរសម្របនូវតួនាទីរបស់ខ្លួនឱ្យស្របតាមសភាពការណ៍តំបន់ និងពិភពលោក ដើម្បីចូលរួមចំណែកក្នុងការកសាងនូវទំនុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងរវាងប្រទេសសមាជិក ដោយមិនគួរផ្តោតតែទៅលើកិច្ចអភិវឌ្ឍមួយមុខនោះទេ។ ជាមួយនេះ ADB ក៏ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលជាមួយធនាគារអភិវឌ្ឍផ្សេងៗទៀត។ ក្រៅពីការជំរុញកំណើនបៃតង, ADB ក៏ត្រូវផ្តោតលើការកាត់បន្ថយវិសមភាពសង្គម ដើម្បីជំរុញការកសាងសង្គមមួយប្រកបដោយបរិយាប័ន្ន និងមានស្ថិរភាពក្នុងរយៈពេលយូរក្នុងតំបន់ផងដែរ។

ឯកឧត្តម វង្សី វិស្សុត ក៏បានធ្វើការជម្រាបជូនគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី បានជ្រាបផងដែរ អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមេបញ្ជាការផ្ទាល់នៃសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបានគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងការដាក់ចេញនូវវិធាន ការអន្តរាគមន៍ទាន់ពេលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជំនួយសង្គមដល់ក្រុមជនងាយរងគ្រោះ និងក្រីក្រ ប្រមាណជាង ៣ លាននាក់នៅទូទាំងប្រទេស។ ឯកឧត្តមក៏បានធ្វើការជម្រាបជូនអំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈដ៏ល្អប្រសើររបស់រាជរដ្ឋាភិបាលផងដែរ ដែលឆ្លុះបញ្ចាំងតាមរយៈចីរភាពនៃចំណូលថវិកាជាតិ ទោះបីស្ថិតក្នុងវិបត្តិនៃជំងីកូវីដ-១៩ ក៏ដោយ ជាពិសេសការសម្រេចបាននូវទំហំនៃលំហរថវិកា (fiscal space) មួយសមស្រប ដែលបានផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាលអាចប្រើប្រាស់ធនធាននេះ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមិនចាំបាច់បង្កើនការខ្ចីបុលពីខាងក្រៅ ដូចបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមបានបន្តថា បើទោះបីជាកម្ពុជាបានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញក៏ពិតមែន ប៉ុន្តែនៅចំពោះមុខ កម្ពុជាមើលឃើញអំពីបញ្ហាប្រឈមមួយចំនួន ដែលមានដូចជា បញ្ហាវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងជម្លោះភូមិសាស្រ្តនយោបាយដែលបាននិងកំពុងកើតមានឡើង ហើយបានបង្កជាកង្វល់ និង វិបត្តិសេដ្ឋកិច្ចជាសាកល ដោយបានផ្តល់ផលប៉ះពាល់ទាំងដោយផ្ទាល់និងដោយប្រយោលនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ ក្នុងបរិកាណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំរៀបចំនិងអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយអាទិភាពរបស់ខ្លួន ដើម្បីគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ជាពិសេសកាត់បន្ថយការរងសម្ពាធនៃអតិផរណារជាសាកល តាមរយៈការគិតគូរអំពីលទ្ធភាពក្នុងការបន្តផ្តល់ជំនួយសង្គមដល់ក្រុមប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងក្រីក្រ (ក្រ១ និងក្រ២) ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ រហូតដល់ឆ្នាំ២០២៣ ហើយពង្រីកកម្មវិធីជំនួយសង្គមនេះ ចំពោះក្រុមប្រជាពលរដ្ឋដែលក្បែរក្រ ឬក្បែរបន្ទាត់ភាពក្រីក្រ (Near poor) ទន្ទឹមនឹងការជំរុញអនុវត្តនូវ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ២០២១-២០២៣ ដែលបានដាក់ចេញកន្លងមក។

ជាទីបញ្ចប់, ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សានាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់នូវសុភវិនិច្ឆ័យចំពោះកម្ពុជា និងបានថ្លែងអំណរគុណដល់ ADB ចំពោះវឌ្ឍនភាពក្នុងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ (Country Partnership Strategy - CPS 2019-2023) ជាមួយនឹងកិច្ចសហការរៀបចំសេចក្តីព្រាងស្តីពីគម្រោង/កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២៣-២០២៥ (Indicative Country Pipeline and Monitoring-ICPM 2023-2025) ដែលក្នុងក្របខ័ណ្ឌនេះ កម្ពុជានឹងទទួលបានហិរញ្ញប្បទានពី ADB ចំនួនប្រមាណជាង ៩៦៥ លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ជំរុញការអភិវឌ្ឍលើវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង