ព័ត៌មានជាតិ

កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ នៅវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា មានរៀបចំពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភី


ដែលបានបញ្ចប់ការសិក្សាកម្រិតថ្នាក់បរិញ្ញបត្រ និងថ្នាក់បិរញ្ញបត្ររងអប់រំបច្ចេកទេស និងវិជ្ជជីវះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា តំណាងភាគហ៊ុនិក ថ្នាក់គ្រប់គ្រង ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា រួមទាំងភ្ញៀវជាតិ-អន្តរជាតិ និងអាណាព្យាបាលចូលរួមផងដែរ នេះបើតាមឲ្យដឹងពី បណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ បណ្ឌិត ផុន ណារិន បន្តឲ្យដឹងថា វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺជាថ្នាលអប់រំដើម្បីភាជោគជ័យក្នុងអាជីព ដែលមានចក្ខុវិស័យ និងជាថ្នាលអប់រំធុរៈកិច្ច ប្រកបដោយគុណភាពឈានមុខ ក្នុងន័យរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងតំបន់ មានបេសកកម្ម ផ្ដល់នូវសេវាកម្មអប់រំ និងបណ្តុះបណ្ដាលវិជ្ជាជីវៈធុរៈកិច្ច មានមោទនៈភាព ជាពិសេសវិទ្យាស្ថានមានបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររងអប់រំបច្ចេកទេស និងវិជ្ជាជីវៈ មាន០៦ ជំនាញ រួមមានហិរញ្ញវត្ថុ និងធនាគារ គណនេយ្យ គ្រប់គ្រងអាហរ័ណ-នីហរ័ណ ធានារ៉ាប់រង ចលនូបត្ថម្ភ និងភាសាអង់គ្លេស។ កម្រិតបរិញ្ញាបត្រ មាន ១១ ជំនាញ រួមមាន គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ បច្ចេកវិទ្យាព័ត៌មានធុរកិច្ច បច្ចេកវិទ្យាហិរញ្ញវត្ថុ ពាណិជ្ជកម្មអន្តរជាតិ គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច ការបង្រៀនភាសាអង់គ្លេស និងវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ និង កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ មាន ០៣ ជំនាញ គឺ ធនាគារនិងហិរញ្ញវត្ថុ ហិរញ្ញវត្ថុ និងគ្រប់គ្រង។ បណ្ឌិត ផុន ណារិន បញ្ជាក់ថា គោលបំណងរបស់វិទ្យាស្ថានចង់រក្សា និងអភិវឌ្ឍន៍ប្រតិបត្តិការប្រចាំថ្ងៃ និងកំពុងបន្តពង្រឹងគុណភាពគ្រប់គ្រង គុណភាពសាស្ត្រាចារ្យ គ្រូបង្រៀន ដោយផ្តោតសំខាន់ លើការគោរពវិន័យបង្រៀន និងរៀន ការបង្កើនចំណេះដឹងជំនាញក្នុងសម័យបច្ចេកវិទ្យា Digital សីលធម៌វិជ្ជាជីវៈ គរុកោសល្យនៃការបង្រៀន និងវិធីសាស្ត្រផ្ទេរចំណេះដឹងដល់និស្សិត ដើម្បីសម្រេចបាននិរន្តរ៍ភាព គុណភាព នៃចក្ខុវិស័យៈ ថ្នាលអប់រំធុរៈកិច្ចប្រកបដោយគុណភាពឈានមុខ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងតំបន់ ដើម្បីចូលរួមចំណែក អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១ - ២០៣៥ ។

ក្នុងពីធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានកោតសរសើរនិងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង របស់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបានបំពេញបេសកកម្មដ៏ចម្បងរបស់ខ្លួនក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ រាប់ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានស្តង់ដាខ្ពស់ ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ និងបុគ្គលិក ព្រមទាំងការបណ្តុះបណ្តាលនិស្សិតរហូតទទួលបានជ័យលាភី គួរជាទីមោទនៈ ដូចថ្ងៃនេះ។ ជាក់ស្តែង វិទ្យាស្ថានបានពង្រីកកម្មវិធីបណ្តុះ បណ្តាលតាំងពីថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញឯកទេស ជាច្រើន និងបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់និស្សិតជាង ៣០០០ នាក់។ ជាការចាប់ អារម្មណ៍ ក្នុងចំណោមនិស្សិតជ័យលាភី ៥៧៩នាក់នៅថ្ងៃនេះ និស្សិតកំពុងមានការងារធ្វើ មានចំនួន ៥២៩នាក់ ឬស្មើនឹង ៩១ភាគរយ ក្រៅពីនោះ កំពុងបន្តការសិក្សា ដោយពុំទាន់មានបំណងរកការងារធ្វើនៅឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានស្នើសូមឱ្យ វិទ្យាស្ថានបន្តការយកចិត្តទុកដាក់ និងសម្រេចឱ្យបាននូវគោលដៅអាទិភាពជាចំបង ពិនិត្យឡើងវិញជាទៀងទាត់នូវកម្មវិធីសិក្សាបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងធានាសង្គតិភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ ស្តង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា និងរក្សាបាននូវគុណភាពនៃលទ្ធផលសិក្សារបស់និស្សិតឆ្លើយតបនឹងបច្ចុប្បន្នភាព នៃតម្រូវការទីផ្សារការងារ និងមុខរបរអាជីវកម្មជាច្រើនទៀត។ វិទ្យាស្ថានត្រូវបន្តអភិវឌ្ឍធនធានសិក្សា និងធនធានរូបវ័ន្ត ដែលគាំទ្រដល់សកម្មភាពបណ្តុះ បណ្តាល និងសិក្សាស្រាវជ្រាវ ជាពិសេសក្នុងបរិបទនៃការវិវត្តយ៉ាងលឿននៃវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ក៏ដូចជាបទពិសោធន៍ដែលយើងទាំងអស់គ្នាបានរៀនសូត្រ និងកំពុងឆ្លងកាត់ តួយ៉ាងវិបត្តិនៃជំងឺកូវីដ-១៩ជាដើម។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង