ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីនៃកិច្ចប្រជុំចែករំលែកបទពិសោធន៍ ក្នុងការរៀបចំការប្រកួតកីឡាអាសុីអាគ្នេយ៏លើកទី៣១ ដើម្បីត្រៀមរៀបចំការប្រកួតកីឡាអាសុី-អាគ្នេយ៏លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ


កិច្ចប្រជុំចែករំលែកបទពិសោធន៍ ក្នុងការរៀបចំការប្រកួតកីឡាអាសុីអាគ្នេយ៏លើកទី៣១ ដើម្បីត្រៀមរៀបចំការប្រកួតកីឡាអាសុី-អាគ្នេយ៏លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីប្រធានអង្គប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។

នៅក្នុងឱកាសនៃកិច្ចប្រជុំ មានការធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេស ក្នុងការៀបចំការប្រកួតកីឡាអាសុី អាគ្នេយ៍នៅប្រទេសវៀតណាម ដោយលោក ឈន វិបុល សមាជិកគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ។ ជាមួយគ្នានេះដែរ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ដែលបានដឹកប្រតិភូក្រសួងព័ត៌មាន ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ក្នុងពេលនៃដំណើរការកីឡាសុីហ្គេម បានធ្វើរបាយការណ៍សំខាន់ៗមួយចំនួនទាក់ទងផ្នែកហិរញ្ញវត្ថុ និងការចំណាយសម្រាប់រៀបចំព្រឹត្តការណ៍កីឡាសុីហ្គេមលើកទី៣១ ក្នុងប្រទេសវៀតណាម ។

ដោយឡែកសម្រាប់ថ្នាក់ដឹកនាំ មន្រ្តីជំនាញបច្ចេកទេស នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និង អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលបានចូលរួមអនុវត្តការងារផ្ទាល់ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡាសុីហ្គេមលើកទី៣១ នៅប្រទេសវៀតណា ដែរនោះ ក៏បានចូលរួមជាមតិយោបល់ បទពិសោធន៍ និងតម្រូវ ការចាំបាច់នានា ដែលប្រពន្ធ័ផ្សព្វផ្សាយត្រូវធ្វើ នៅក្នុងព្រឹត្តការណ៍កីឡាសុីហ្គេម ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួយកីឡានេះ នៅក្នុងឆ្នាំ២០២៣ ។

ថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួង ព័ត៌មាន ដែលមានបទពិសោធន៍ ក្នុងសកម្មភាពការងារកីឡា ក៏បានចូលរួមជាមតិយោបល់ ដើម្បីធ្វើយ៉ាងណារួមសហការគ្នា ថតផ្សព្វផ្សាយនូវសកម្មភាពកីឡាគ្រប់ប្រភេទ ក្នុងការប្រកួតកីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ទទួលបានជោគជ័យ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះលទ្ធផលការងាររបស់ ថ្នាក់ដឹកនាំ មន្រ្តីជំនាញបច្ចេកទេស តាមបណ្តាអគ្គនាយកដ្ឋាន ក្រោមឱវាទក្រសួងព័ត៌មាន ដែល បានទៅធ្វើការសិក្សាដកស្រង់បទពិសោធន៍ ពីដំណើរការរៀបចំការប្រកួតកីឡាអាសុី-អាគ្នេយ៏លើកទី៣១ ឆ្នាំ២០២២ នៅប្រទសវៀតណាម ដើម្បីជាចំណេះដឹងទាក់ទងការងារផ្សព្វផ្សាយ ក្នុងត្រៀមរៀបចំនៅពេលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ។ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់ជាមតិយោបល់ អោយប្រពន្ធ័ផ្សព្វផ្សាយ ដែលនឹងត្រូវចូលរួមថត ផ្សាយពីដំណើរការប្រកួតកីឡា ត្រូវធ្វើយ៉ាងណា ថតផ្សាយផ្ទាល់រាល់គ្រប់វិញ្ញាសារនៃការប្រកួត ដែលមាន កីឡាករកម្ពុជាចូលរួម ហើយក៏ត្រូវដឹងចំនួនកីឡាករ កម្ពុជា និងកីឡាប្រភេទអ្វីខ្លះ ដែលត្រូវប្រកួត ។ ទន្ទឹមគ្នានេះដែរ ប្រពន្ធ័ផ្សព្វផ្សាយ ក៏ត្រូវធ្វើការជូនដំណឹងជារៀងរាល់ព្រឹក មុនដំណើរការនៃការប្រកួត ថាតើមានប្រភេទកីឡាអ្វីខ្លះដែលត្រូវលេង ហើយផ្សាយតាមបណ្តាញ ប៉ុស្តីទូរទស្សន៍ ណា ដើម្បីអោយជាសាធារណជន ងាយស្រួលតាមដានទស្សនា ។

អ្វីដែលសំខាន់ដែរនោះត្រូវ មានកន្លែងស្តុកទុកឯកសារអោយបានត្រឹមត្រូវ បន្ទាប់ពីបានថត រួចរាល់ គ្រប់ទិដ្ឋភាព នៃកីឡាគ្រប់ប្រភេទ ។ សម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ត្រូវសហការគ្នាជាមួយទស្សនារដ្តី កម្ពុជា និង App ក្រសួងព័ត៌មាន ដើម្បីបោះពុម្ព ជាសៀវភៅទាក់ទង កីឡាសុីហ្គេម ជាភាសាខ្មែរ និងអង់គ្លេស រួមជាមួយ បង្កើតជា គេហទំព័របន្ថែមទៀតផងដែរ។ អ្វីដែរសំខាន់ផងនោះ គឺការពិនិត្យលទ្ធភាពក្នុងការជ្រើសរើសក្រុមស្មគ្រ័ថតរូប សម្រាប់ចូលរួមថតពីព្រឹត្តការណ៍កីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជាផងដែរ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង