ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី ១៦ បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២


នៅថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២២ នាទីស្ដីការក្រសួងការពារជាតិ រាជធានីភ្នំពេញ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី ១៦ បានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ជាមួយរដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសក្នុងតំបន់ជាអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាននិងស្ដាប់របាយការណ៍ស្ដីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេបនៃលទ្ធផលរបស់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ក៏ដូចជាអនុម័តលើគំនិតផ្តួចផ្តើមថ្មីៗ និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរួមមាន÷

១. ឯកសារទស្សនៈទាន ស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន

២. ឯកសារទស្សនៈទាន ស្តីពីការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន

៣. ឯកសារទស្សនៈទាន ស្ដីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន

៤. លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្ដមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន

៥. ចក្ខុវិស័យភ្នំពេញស្ដីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្ដារឡើងវិញក្រោយកូវីត១៩

៦. សេចក្តីប្រកាសរួមនូវកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមនីយកម្ម។

រដ្ឋមន្ត្រីការពារជាតិអាស៊ានក៏និងកត់សម្គាល់ឯកសារពិភាក្សាចំនួន ២ រួមមាន÷

១. ឯកសារពិភាក្សាស្ដីពីការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្ដួចផ្ដើមការអនុវត្តច្បាប់លំហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ

២.ឯកសារពិភាក្សាស្ដីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្រ្តយោធាដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។

កិច្ចប្រជុំ ក៏នឹងពិនិត្យសម្រេចលើសំណើររបស់ឥណ្ឌាសុំរៀបចំលំហាត់លំហសមុទ្រអាស៊ាន-ឥណ្ឌា នឹងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយប្រទេសបូក មួយចំនួន នៅខែវិច្ឆិកា ឆ្នាំ ២០២២ ផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ ២០២២ កម្ពុជាមានការប្ដេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗតាមមូលបទ "សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម"។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង