ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញជាអធិបតី វេទិកាអ្នកសារព័ត៌មានក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( 32th SEA GAMES ) នៅព្រះរាជាណាចក្រកម្ពុជា


វេទិកាអ្នកសារព័ត៌មានក្នុងដំណើរឆ្ពោះទៅការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( 32th SEA GAMES ) នៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ បានធ្វើឡើងនៅព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមវត្តមានអញ្ជើញជាអធិបតី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍ CAMSOC។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ CAMSOC បានជម្រាបជូនថា វេទិកាអ្នកសារព័ត៌មាន នាឱកាសនេះ មានការអញ្ជើញចូលរួមពី ពិធីករ ពិធីការិនី អ្នកអត្ថាធិប្បាយ និងអ្នកសរសេរព័ត៌មាន កីឡា និងប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្តចំនួន ៥ ដែលពាក់ពន្ធ័ព្រឹត្តការណ៍កីឡា ដើម្បីត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ ទន្ទឹមនេះ ក៏ផ្តល់ឱកាសពង្រឹងទំនាក់ទំនង កិច្ចសហការ រវាងប្រពន្ធ័ផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ផ្សព្វផ្សាយកីឡាជាប្រវត្តិសាស្រ្ត របស់កម្ពុជា ។ តាមរយៈនេះ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នឹងរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា ដល់អ្នកសារព័ត៌មាន អំពីកីឡាសុីហ្គេម និង និតិវិធី ក្បួនខ្នាតនៃការប្រកួតនីមួយៗផងដែរ។

នៅក្នុងឱកាសនោះក៏មានការធ្វើបទបង្ហាញស្តីពី កញ្ចប់ទស្សនកិច្ចពហុកីឡាដ្ឋានជាតិ មរតកតេជោ ដោយ ឯកឧត្តម ជួន ជ័យសត្យា ប្រធាននាយក ដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក នៃក្រសួងទេសចរណ៍ ។

ជាមួយគ្នានេះដែរ លោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ បានធ្វើបទបង្ហាញស្តីពី សៀវភៅមគ្គុទេសក៍សម្រាប់ពហុកីឡាដ្ឋានជាតិមរតកតេជោ ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានបង្ហាញពីដំណើរការរៀបចំព្រឹត្តការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយបានស្នើដល់ប្រពន្ធ័ផ្សព្វផ្សាយ ឃ្លារសំខាន់ៗប្រើពេលបំផុសផ្សព្វផ្សាយ អោយសាធារណជនបានដឹង និងត្រៀមខ្លួនចូលរួមទាំងអស់គ្នា ក្នុងព្រឹត្តការណ៍ប្រកួតកីឡាអាសុីអាគ្នេយ៍ SEA Games លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ ។

ព្រឹត្តការណ៍ប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី ៩ ខែមិថុនា ឆ្នាំ២០២៣ ។

ចូលរួមយុទ្ធនាការឆ្ពោះទៅ SEA Games - ASEAN Para Games ឆ្នាំ២០២៣

យុទ្ធនាការទី១ : កីឡារស់ក្នុងសន្តិភាព ទី២, ប្រជាជនម្នាក់លេងកីឡាមួយមុខអស់មួយជីវិត , ទី៣ : កម្ពុជាស្អាត, ទី៤ : កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន,។

មរតក SEA Games Legacy

-កម្ពុជា ជាស្ថាបនិក SEAP Games ឆ្នាំ១៩៥៩ ។

-កម្ពុជារង់ចាំ និងសុបិន ៦៤ ឆ្នាំ ទើបតែ សម័យតេជោសែន ទើបធ្វើជាម្ចាស់ផ្ទះ ។

-កម្ពុជាមានឱកាសបង្ហាញសក្តានុពលជាតិ សក្តានុពលសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍លើឆាកអន្តរជាតិ ។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍លើកឡើងថា ព្រឹត្តការណ៍កីឡាសុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ គឺនៅសល់តែ ៣១៦ ថ្ងៃ ទៀតប៉ុណ្ណោះ មហាព្រឹត្តការណ៏កីឡាមួយ ដែលកម្ពុជាយើង រុងចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ នឹងឈានមកដល់។ ដូច្នេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើដល់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ក៏ដូចជាប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ផលិតជាស្ពតខ្លីៗ ដោយអោយពិធីករ ពិធីការិនី និយាយក្នុងកម្មវិធីរបស់ខ្លួន ដូចជា អបអរសាទរដំណើរឆ្ពោះទៅកីឡាសុីហ្គេម និង ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កីឡារស់ក្នុងសុខសន្តិភាព កម្ពុជាស្អាត ជាដើម ដើម្បីបំផុសអោយប្រជាជនកម្ពុជា ម្នាក់លេងកីឡាម្នាក់ ហើយរួមគ្នាឆ្ពោះទៅកីឡាសុីហ្គេម ប្រកបដោយភាពរីករាយ និងទទួលបានជោគជ័យ ដើម្បីបង្ហាញថាកម្ពុជា និងអោយពិភពលោកបានស្គាល់ប្រទេសកម្ពុជា កាន់តែច្បាស់តាមរយៈកីឡានេះ ឯង។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍លើកឡើងថា កាលពីមុនគេស្គាល់ប្រទេសកម្ពុជា តាមរយៈអង្គរវត្ត និងប៉ុលពត ប៉ុន្តែឥឡូវនេះ សម្រាប់ព្រឹត្តការណ៍កីឡាសុីហ្គេម បានធ្វើអោយមានការផ្តាស់ប្តូរច្រើន តាមរយៈកីឡា ដែលបានចេញទៅប្រកួតនៅក្រៅប្រទេស នៅពេលកីឡាករ ម្នាក់ឈ្នះមេដាយមាស ១ គឺ ប្រទេសជាតិទាំងមូលដែលឈ្នះ ។ ដូច្នេះ ការចូលរួមរបស់សារព័ត៌មានទាំងអស់ គឺមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយ ពីដំណើរការងារត្រៀមឆ្ពោះទៅព្រឹត្តការណ៍កីឡាសុីហ្គេម នាឆ្នាំ២០២៣ ហើយកិច្ចការថតផ្សព្វផ្សាយ ពីកីឡានេះដែរ ក្រសួងព័ត៍មាន បានបញ្ជូនគណៈប្រតិភូ និងក្រុមការងារបច្ចេកទេស ទៅធ្វើការដកស្រង់បទពិសោធន៍ រួចមកហើយនៅប្រទេវៀតណាម កាលពីខែកន្លងមកនេះ ដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះ កីឡាសុីហ្គេមលើកទី៣១ ។ តាមរយៈអ្វីដែលជា បទពិសោធន៍ទទូលបានហើយ នឹងមានការប្រជុំជាមួយបណ្តាទូរទស្សន៍ទាំងអស់ ដើម្បីរៀបចំផ្តុំនូវសំភារៈ បរិក្ខាបច្ចេកទេស ដើម្បីថតផ្សាយគ្រប់សកម្មភាពកីឡាទាំងអស់ ។ ក្រៅពីថតជា វីដេអូ ទុកជាឯកសារ ក៏មានថតជា រូប សន្លឹក រូបហ្វិច ដែលទាមទារកំលាំងច្រើន ក្នុងនោះក្រសួងព័ត៌មាន គ្រោងនឹងជ្រើសរើសយកកំលាំងស្មគ្រ័ចិត្ត ដែលជាយុវជនចូលចិត្តថតរូប ដើម្បីចូលរួមថត ក្នុងព្រឹត្តការណ៍កីឡាសុីហ្គេម ។ ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើដល់ប្រពន្ធ័ផ្សាយ វិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន ថតអ្នកដែលទទួលបាន មេដាយ កាលពីការប្រកួតនៅប្រទេសវៀតណាម កាលពីពេលកន្លងមក ដើម្បីបង្ហាញពីបទពិសោធន៍ ផ្ទាល់ខ្លួន និងថតកីឡាករដែលមានសក្តានុពល ឈានទៅយកមេដាយ ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលបានប្រឹងប្រែងហ្វឹកហាត់ ថតពីសកម្មភាពរបស់គ្រូបង្វឹកជាដើម ។ ដូច្នេះសម្រាប់សុីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញពីសក្តានុពល កីឡា បង្ហាញពីសន្តិភាព នៅកម្ពុជា និងបង្ហាញពីសក្តានុពលរីកចំរើន របស់សារព័ត៌មានកម្ពុជា ដែលមានយុវជនប្រកបដោយសក្តានុពល ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង