ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការតម្រង់ទិសអាទិភាពគោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់


(សណ្ឋាគារ ហ្គាឌិនស៊ីធី)៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការ តម្រង់ទិសអាទិភាពគោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងគន្លងនៃប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់។ សិក្ខាសាលានេះ បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួង សេដ្ឋកិច្ចនិងហិរញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ននានារបស់រដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, វិស័យឯកជន និងអង្គការសង្គមស៊ីវីល ព្រមទាំងស្ថាប័នសិក្សាជ្រាវជ្រាវ និងអ្នកជំនាញការជាតិ-អន្តរជាតិផងដែរ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា គោលបំណងនៃការរៀបំសិក្ខាសាលាពិគ្រោះយោបល់នេះ ដើម្បី ពិភាក្សាបញ្ហាប្រឈម និងសម្រួចអាទិភាពគោលនយោបាយ ចំពោះវិស័យសំខាន់ៗ ដែលរួមមាន៖ ឡូជីស្ទីក, កសិកម្ម, អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំពារសង្គម ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៣ ក៏ដូចជាការបោះចំណោលសម្រាប់រៀបចំថវិកានៅឆ្នាំបន្តបន្ទាប់ទៀត ក្នុងគោលដៅតម្រង់ទិសនៃការប្រើប្រាស់ធនធានដែលមានកម្រិតរបស់យើងឱ្យកាន់តែចំទិសដៅ និងមានប្រសិទ្ធភាព ដើម្បីម្ខាងដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងម្ខាងទៀតគាំទ្រដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ក្នុងគោលដៅបង្កើនពិពិធកម្ម បង្កើនផលិតភាព​ និងលើកកម្ពស់ភាពប្រកួតប្រជែង ព្រមទាំងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានបន្តថា ក្រសួងសេដ្ឋកិច្ចតែងបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់របៀបនេះជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ រហូតមក តែទើបអាកខានពេលវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីតម្រង់អាទិភាពគោលនយោបាយ និងកំណត់អាទិភាព រួចតម្រង់ការបែងចែកធនធាន ស្របតាមអាទិភាព និងគោលដៅសំខាន់ៗដែលបានរកឃើញក្នុងអង្គសិក្ខាសាលា។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលអាចគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរ និងបានបើកប្រទេស ឡើងវិញមុនគេ។ ប្រការនេះបានធ្វើឱ្យសេដ្ឋកិច្ចជាតិបានងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់​។ ឯកឧត្តមបានបន្តថា ប៉ុន្តែគួរឱ្យសោកស្តាយ ក្នុងពេលសេដ្ឋកិច្ចយើងចាប់ផ្តើមងើបឡើងវិញ, កម្ពុជាក៏កំពុងតែទទួលការគំរាមកំហែងថ្មីមួយទៀត ដែលអាចជាវិបត្តិ (Shock)ទី២ កើតចេញអំពីស្ថានភាពមិនអំណោយផលនៃសេដ្ឋកិច្ចពិភពលោក ដោយសារការថមថយកំណើន ជាពិសេសបញ្ហាអតិផរណាតែម្តង។ ឯកឧត្តមបានបន្តថា មែនទែនទៅ អតិផរណាបានចាប់ផ្តើមកើនឡើងតាំងពីមុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ មកម្ល៉េះ ហើយវាកាន់តែកើនឡើងខ្លាំងថែមទៀត ក្នុងពេលនៃជំងឺកូវីដ-១៩ ដោយសារប្រទេសធំៗបានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈ ការខ្ចី ក៏ដូចជាវិធានការរូបិយវត្ថុផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច-សង្គមរបស់ខ្លួន ជាពិសេសដើម្បីជួយដល់អ្នកអត់ការងារធ្វើ អ្នកដែលទទួលរងផលប៉ះពាល់ដោយសារការបិទខ្ទប់ និងក្រុមហ៊ុនដែលរងផលប៉ះពាល់។ ដូច្នេះ កត្តាដែលធ្វើឱ្យមានបញ្ហាអតិផរណា គឺមិនមែនសង្គ្រាមអ៊ុយក្រែនទាំងស្រុងទេ ក៏ប៉ុន្តែសង្គ្រាមនេះបានសង្កត់បន្ថែម និងបង្កើនល្បឿនហក់ឡើងនៃអតិផរណាសាយភាយពេញពិភពលោក តាមរយៈការឡើងថ្លៃប្រេង និងថ្លៃម្ហូបអាហារ ដែលទំនិញទាំងពីរមុខនេះ ជាហេតុធ្វើឱ្យថ្លៃទំនិញសព្វសារពើឡើងថ្លៃ។ យើងអាចនិយាយបានថា អតិផរណាពេលនេះខុសពីធម្មតា ដោយសារមូលហេតុទាំងផ្នែកផ្គត់ផ្គង់ (Supply side) និងទាំងផ្នែកតម្រូវការ (Demand side) ទាំងសងខាង។ ឯកឧត្តមបានប​ន្តថា ប្រការនេះបាននិងកំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកថមថយ ហើយអាចនាំទៅដល់វិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ច (Recession)។ ទន្ទឹមនេះ ក្រៅពីសង្គ្រាមអ៊ុយក្រែន, បញ្ហាទំនាស់ភូមិសាស្រ្តនយោបាយក៏កាន់តែតឹងតែង ជាពិសេសទំនាស់រវាងចិននិងអាមេរិក និងប្លុកនយោបាយដទៃទៀត ក៏ជាកង្វល់អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ និងអាចបង្កឱ្យមានការរាំងស្ទះដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក ដែលប្រការនេះនឹងកាន់តែធ្វើឱ្យមានសម្ពាធកាន់តែខ្លាំងថែមទៀតទៅលើអតិផរណា និងកំណើនសេដ្ឋកិច្ចពិភពលោក។ ឯកឧត្តមក៏បានបន្តថា អ្វីដែលចម្លែកមួយទៀត ក្នុងពេលនេះ គឺនៅត្រង់ថា៖ មុនពេលវិបត្តិសេដ្ឋកិច្ចម្តងៗ គឺប្លុកសេដ្ឋកិច្ចធំៗ តែងមានមួយធ្លាក់ចុះ ហើយមួយទៀតនៅរឹងមាំ។ ឧទាហរណ៍ដូចពេលវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ កន្លងទៅ គឺវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់អាមេរិកបានរាលដាលដល់តំបន់អឺរ៉ុប ប៉ុន្តែសេដ្ឋកិច្ចចិនពេលនោះរឹងមាំ និងជាកម្លាំងអូសទាញសេដ្ឋកិច្ចពិភពលោក​។ ប៉ុន្តែពេលនេះ ប្លុកសេដ្ឋកិច្ចធំៗទាំងអស់ មិនថាអាមេរិក អឺរ៉ុប មិនថាចិន ឬមិនថាជប៉ុននោះទេ ពោលគឺធ្លាក់ចុះទាំងអស់។

ឯកឧត្តមបានបន្តលើកឡើងថា បញ្ហាខាងលើនេះ បាននិងកំពុងបង្កើនសម្ពាធយ៉ាងខ្លាំងមកលើអតិផរណា ដែលជាបច្ច័យធ្វើឱ្យយើងពិបាកប៉ាន់ស្មានថា តើផលវិបាកនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកនឹងមានកម្រិតប៉ុនណាទៅថ្ងៃមុខ។ សភាពការណ៍នេះ គឺមិនល្អទេ សម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានសេដ្ឋកិច្ចទន់ខ្សោយ ហើយសមត្ថភាពភាពថវិកានៅមានកម្រិត កំពុងតែជួបបញ្ហាធំ។ ជាក់ស្តែងពេលនេះ ប្រទេសស្រីលង្កា និងប៉ាគីស្ថាន កំពុងតែជួបបញ្ហានេះ និងចាប់ផ្តើមមានចលាចលហើយ។ ដូច្នេះ ចំពោះមុខសភាពការណ៍ខាងលើនេះ តម្រូវឱ្យកម្ពុជាត្រូវត្រៀមខ្លួន និងគ្រប់គ្រងសេដ្ឋកិច្ចឱ្យបានល្អ ជាពិសេសការបែងចែកធនធានថវិកា ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយ ព្រោះយើងមិនដឹងថា តើវិបត្តិទី២នេះ នឹងមានទំហំ ឬជម្រៅផលប៉ះពាល់កម្រិតណាទេ ខណៈដែលកម្ពុជាទើបតែឆ្លងផុតពីរលកនៃវិបត្តិជំងឺកូវីដ-១៩ ដោយលំបាក ហើយជំងឺកូវីដ-១៩ នេះទៀតសោត ក៏នៅមិនទាន់ចប់ទាំងស្រុងនៅឡើយដែរ។ ពិតណាស់ថា ដោយសារការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ហើយបងប្អូនប្រជាពលរដ្ឋយើងអាចមានការងារធ្វើ, អាចប្រកបអាជីវកម្ម និងមានឱកាសរកប្រាក់ចំណូលបានឡើងវិញក្តី តែនៅពេលអតិផរណាកើនឡើង វានឹងជះឥទ្ធិពលទៅលើជីវភាពរស់នៅរបស់ពួកគាត់ ដោយសារប្រាក់ចំណូលពិត (Real income/real wage) ធ្លាក់ចុះ ដែលធ្វើឱ្យកម្លាំងទិញធ្លាក់ចុះ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប។ ក្នុងន័យនេះ ការគិតគូររបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៣ គឺនឹងផ្តល់អាទិភាពទី១ ទៅលើមនុស្ស ដោយតម្រង់ទៅលើការរក្សាលំនឹងជីវភាពរស់នៅ ការងារ និងប្រាក់ចំណូល ជាពិសេសការបន្តផ្តល់​​ជំនួយសង្គមដល់អ្នកក្រីក្រ (ក្រ១ និងក្រ២) ហើយអាចនឹងពង្រីកទៅដល់អ្នកក្បែរក្រ (Near poor) ថែមទៀត ដើម្បីទប់ទល់ និងសម្រាលសម្ពោធនៃអតិផរណាមកលើពួកគាត់ ក្នុងពេលមានវិបត្តិនេះ។ រាជរដ្ឋាភិបាលក៏នឹងបន្តផ្តោតលើសុខភាព និងសុខមាលភាពប្រជាជន តាមរយៈការបន្តទប់ស្កាត់ និងគ្រប់គ្រងសភាពការណ៍កូវីដ-១៩ នៅកម្ពុជា មិនឱ្យវិលត្រឡប់ថយក្រោយ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏នឹងផ្តល់អាទិភាពបន្ទាប់ ឬទី២ ទៅលើការទ្រទ្រង់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលកំពុងតែមាននេះ មិនបានឱ្យបាត់បង់ទៅវិញផងដែរ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រព័ន្ធឡូជីស្ទីក, ការអភិវឌ្ឍជំនាញ និងការលំអរបរិយាកាសវិនិយោគនិងធុរកិច្ច ជាពិសេសការជំរុញអភិវឌ្ឍ និងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យខ្លាំងក្លា ដើម្បីដោះស្រាយបញ្ហាសន្តិសុខម្ហូបអាហារកម្ពុជាខ្លួនឯងផង ក៏ដូចជាដើម្បីជំរុញការនាំចេញទៅក្រៅប្រទេសផង ខណៈដែល​ពិភពលោកអាចប្រឈមមុខនឹងបញ្ហាខ្វះស្បៀងអាហារ។ ឯកឧត្តមបានបន្តថា នេះគឺជាស្លាបទាំងពីរដ៏សំខាន់នៃគោលនយោបាយថវិកាឆ្នាំ២០២៣ ដែលប្រឡាក់ក្រឡាគ្នា ព្រោះថា ការផ្តល់ជំនួយសង្គមដល់អ្នកក្រ និងអ្នកក្បែរក្រ មិនត្រឹមតែជាការដោះស្រាយបញ្ហាសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចវិញដែរ។ ដោយឡែក ការទ្រទ្រង់កំណើនសេដ្ឋកិច្ច ក៏នឹងជួយបង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាជនវិញផងដែរ។ ទន្ទឹមនេះ ការជំរុញផលិតភាព ក៏នឹងជួយបន្ថយកម្លាំង និងសម្រាលផលប៉ះពាល់នៃអតិផរណាមកលើសេដ្ឋកិច្ច។

ឯកឧត្តម វង្សី វិស្សុត បានបន្តលើកឡើងថា ថវិកាឆ្នាំ២០២៣ ជាថវិកាវិត្ថារកម្ម (Expansionary budget) ដើម្បីបង្កើនចំណាយតម្រង់ទៅលើអាទិភាពគោលនយោបាយ ដូចបានគូសបញ្ជាក់ខាងលើផង ក៏ដូចជាការខិតខំដោះ ស្រាយឱ្យបានជាសារវន្ត័នូវគោលដៅសំខាន់ៗ ជាពិសេសការសន្យាទាំងឡាយរបស់រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ និងការទ្រទ្រង់ដល់ការអនុវត្តបញ្ចប់នូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ផងដែរ។ ក្រៅពីនេះ ថវិកាឆ្នាំ២០២៣ ក៏នឹងត្រូវទ្រទ្រង់ដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឱ្យប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ និងការប្រកួតកីឡាស៊ីហ្កេម ដែលកម្ពុជាជាម្ចាស់ផ្ទះ ហើយត្រូវចំណាយថវិកាច្រើន។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយសារធនធានរបស់កម្ពុជាមានកម្រិត ដូចនេះ យើងចាំបាច់ណាស់ ត្រូវចេះប្រើប្រាស់ទាំងធនធាននេះ ឱ្យបានត្រឹមត្រូវចំទិសដៅ (Spending right) និងត្រូវមានភាពឆ្លាតវៃក្នុងការចាយវាយ (Spending wise) ថែមទៀត។

សិក្ខាសាលាពិគ្រោះយោបល់បានដំណើរការរយៈពេលមួយថ្ងៃ និងបានធ្វើការពិភាក្សាយ៉ាងផុលផុសលើ ស្ថានភាព, បញ្ហាប្រឈម និងការសម្រួចអាទិភាពគោលនយោបាយ លើប្រធានបទសំខាន់ៗចំនួន៤ គឺ៖ ឡូជីស្ទីក, កសិកម្ម, អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំពារសង្គម ដែលវិស័យទាំង៤នេះ មានបច្ច័យធំដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាទាំងមូល ទាំងក្នុងរយៈពេលខ្លី, មធ្យម និងវែង។ ចំពោះលទ្ធផលនៃកិច្ចពិភាក្សានេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការវិភាជថវិកាឆ្នាំ២០២៣ ឱ្យបានសមស្រប និងតម្រង់ចំណាយឱ្យចំអាទិភាពពិតប្រាកដ ដើម្បីម្ខាងផ្តល់ការគាំពារដល់ប្រជាជនកម្ពុជាក្នុងគ្រាលំបាកនេះ និងម្ខាងទៀត ដើម្បីទ្រទ្រង់ដល់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការទ្រទ្រង់ដល់ចលនាការនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ឱ្យបានរឹងមាំ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង