ព័ត៌មានកីឡា

វីរកីឡាការិនី អ៊ុក ស្រីមុំ យកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក គ្រងមេដាយមាសព្រឹត្តិការណ៍ World Games 2022


កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ នៃការប្រកួតកីឡាពិភពលោក The World Games 2022 នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE ដោយលទ្ធផល ៤១-២១ពិន្ទុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ (ពេលវេលានៅកម្ពុជា)។

សម្រាប់វិញ្ញាសាវាយយកពិន្ទុនេះ គឺមានកីឡាការិនី ៨ប្រទេសចូលរួម គឺមានកីឡាការិនីកម្ពុជា កាណាដា អាមេរិក ដាណឺមាក បារាំង ថៃ ប៊ែលហ្សិក និងអាល្លឺម៉ង់ ដោយប្រើរូបមន្ដប្រកួតវិលជុំ ហើយកីឡាការិនី ២រូប ដែលមានពិន្ទុខ្ពស់ជាងគេ នឹងត្រូវឡើងចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ រីឯកីឡាការិនី ៦រូបទៀត ត្រូវធ្វើការប្រកួតយក ២រូបមានពិន្ទុខ្ពស់ជាងគេ ឡើងទៅបង្គ្រប់កៅអីវគ្គផ្ដាច់ព្រ័ត្រ។

ជាលទ្ធផលការប្រកួតសន្សំពិន្ទុ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ដែលត្រូវជួបកីឡាការិនីឈរលេខ២ នៃជុំដំបូង គឺកីឡាការិនីដាណឺម៉ាក Katrine JUNGE ហើយវីរកីឡាការិនីម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០២១ របស់កម្ពុជារូបនេះ ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្នុងលទ្ធផល ៣៧-២៣ពិន្ទុ ដើម្បីបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាការិនីអាមេរិក បន្ទាប់ពីកីឡការិនីម្ចាស់ផ្ទះនេះ បានទម្លាក់កីឡាការិនីថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។

ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ធ្វើបានកាន់តែល្អ ដោយលោកស្រីបានវាយកឈ្នះពិន្ទុដាច់លើកីឡាការិនីម្ចាស់ផ្ទះអាមេរិក Rebeka HOWE រហូតដល់ ៤១-២១ពិន្ទុ ដើម្បីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី នៃព្រឹត្តិការណ៍ The World Games 2022 តែម្ដង។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើវិញ្ញាសាវាយយកពិន្ទុ អ៊ុក ស្រីមុំ នឹងត្រូវចាប់ដៃគូជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា ដើម្បីធ្វើការប្រកួតលើវិញ្ញាសាវាយគូននារី ២នាក់ ទល់ ២នាក់ទៀត នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ។ នេះជាលើកដំបូងហើយ ដែលកម្ពុជា បានបញ្ជូនកីឡាការិនីប៉េតង់ចូលរួមការប្រកួតកីឡាពិភពលោក នៅសហរដ្ឋអាមេរិកនេះ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី