ព័ត៌មានជាតិ

ឯកឧត្តម សៅ សុខា ជំរុញមន្ត្រីអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការចាក់វ៉ាក់សាំង


ស្វាយរៀង៖ ឯកឧត្ដម សៅ សុខា បានរំលឹកមន្ត្រីគ្រប់ស្ថាប័ន ពិសេសគណៈបញ្ជាការឯកភាពស្រុក ត្រូវបន្តដឹកនាំអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ​ដើម្បីធានាសុវត្ថិភាព ​សន្តិសុខ និង​បន្តចុះចលនាដឹកនាំពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ខណៈជំងឺកូវីដ-១៩ ទប់ទល់នឹងមេរោគបំប្លែងថ្មីកុំឱ្យឆ្លងនៅតាមសហគមន៍។ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ចុះជួយ​ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ និងផ្សព្វផ្សាយខ្លឹមសារលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល​បក្ស​ប្រជាជន​កម្ពុជា នៅស្រុករមាសហែក កាលពីថ្ងៃទី៣១ ខែកក្កដាម្សិលមិញ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រទេសមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការរៀបចំ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ​ទទួលបានជោគជ័យ នៅទូទាំងប្រទេសកម្ពុជា​ ក៏ដូចជានៅទូទាំងស្រុករមាសហែកផងដែរ។

ដើម្បីរួមចំណែកធ្វើឱ្យមានសណ្តាប់ធ្នាប់សុវត្ថិភាព មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសគណៈបញ្ជាការ​ឯកភាពស្រុក ត្រូវចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរួមរក្សា​សន្តិភាព​ឱ្យនៅគង់វង្ស។ ឯកឧត្តម បានណែនាំ និងជំរុញដល់មន្ត្រីនៅគ្រប់ស្ថាប័នមូលដ្ឋានភូមិឃុំ បន្តចុះដឹកនាំពលរដ្ឋឲ្យពួក​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ​ដើម្បីបង្កើតភាពស៊ាំ​ បន្ថយអត្រាចម្លងជំងឺ ​ខណៈដែលជំងឺកូវីដ-១៩ បានបំប្លែងខ្លួនជាបន្តបន្ទាប់ ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង