ព័ត៌មានជាតិ

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួប៤២ឆ្នាំ នៃថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍


(សម្តេចតេជោហ៊ុន សែន) ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួប៤២ឆ្នាំ នៃថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតប្រជាពល រដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ រណ សិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំង មហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួល បានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ។ (រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា) បច្ចុប្បន្នត្រូវបានដូរ ឈ្មោះជា (រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា) ដែលជាអង្គការចាត់តាំងមហាជន មួយឈានមុខរបស់ គណបក្ស ប្រជាជន កម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ។ ឆ្លើយតបទៅនឹង ការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបាន ទទួលការ ជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើង នូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួន ឡើងវិញ ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មាន អ្វីៗដូចថ្ងៃនេះដែរ (នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ) ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង