ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៦៤នាក់ថែមទៀត ខណៈអ្នកជំងឺ១១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យ ។ ក្រសួងបានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺទាំង៦៤នាក់ មានជនជាតិខ្មែរ ៣៩នាក់, ជនជាតិចិនចំនួន២៣នាក់ និងជនជាតិវៀតណាម២នាក់ ដែលអ្នកជំងឺទាំងនោះត្រូវបានរកឃើញនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តព្រៃវែង ។ ចំណែកអ្នកជាសះស្បើយទាំង១១នាក់វិញ គឺជាជនជាតិចិន វៀតណាម និងខ្មែរ ដែល ឆ្លងក្នុង (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។ សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១២៤នាក់ ក្នុងនោះជាសះស្បើយ ចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់ ។