ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរសាកល្បង នៅលើទឹកដីខ្ពង់រាបឥសានមួយនេះ


ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី ចំពោះលទ្ធផលសម្រេចបានគួរជាទីពេញចិត្ត លើការដាំខ្ទឹមសរសាកល្បង នៅលើទឹកដីខ្ពង់រាបឥសានមួយនេះ ។ សូមបញ្ជាក់ថា៖ កាលពីថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២០ ដោយមានការណែនាំពីខ្ញុំផ្ទាល់ លោក សុង ឃាង ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បាននាំយកពូជខ្ទឹមស ទៅចែកជូនបងប្អូនកសិករ ចំនួន ០៥ គ្រួសារ ដើម្បីធ្វើការដាំដុះសាកល្បង បន្ទាប់ការដាំដុះដំឡូងបារាំង និងដំណាំមួយចំនួនទៀតទទួលបាន ជោគជ័យកន្លង មក ។ ក្នុងករណី ការដាំដុះប្រព្រឹត្តទៅបានល្អប្រសើរនោះ ក្រសួងនឹងមានផែនការពង្រីកដំណាំនេះឲ្យបានច្រើន ដើម្បី ឈានទៅកាត់បន្ថយការនាំចូលពីប្រទេសជិតខាង នាពេលអនាគត ។ អស់រយៈបីខែកន្លងផុតទៅ នៅថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោកប្រធាន រួមដំណើរជាមួយសហការី បានចូលរួមប្រមូលផលដំណាំខ្ទឹមស របស់កសិករ ភិន ផន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលបានដាំដុះក្នុងរយៈពេលបីខែកន្លងទៅ ទទួលបានជោគជ័យល្អប្រសើរ មានទិន្នផលខ្ពស់ ហើយឆ្លើយតបទៅនឹង តម្រូវការទីផ្សារ និងប្រកបដោយគុណភាព សុវត្តិភាពដល់អ្នកប្រើប្រាស់ ហើយទន្ទឹមនឹងនេះក៏ទទួលបានតម្លៃល្អប្រសើ ផងដែរ បើប្រៀបធៀបទៅនឹងមុខដំណាំផ្សេងទៀត ។ តាមរយៈលទ្ធផលដែលទទួលបាននៅឆ្នាំនេះ កសិករដែលប្រកបរ បរដាំដុះដំណាំកសិកម្ម នៅក្នុងខេត្តមណ្ឌលគីរី មានផែនការក្នុងការពង្រីកផ្ទៃដីបន្ថែមទៀតលើការដាំដុះដំណាំខ្ទឹមស ដែលជាដំណាំមានសក្កានុពល និងជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ខេត្ត មួយនេះ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង