ព័ត៌មានជាតិ

អាជ្ញាធរខេត្តពោធិ៍សាត់ ឃាត់ខ្លួនបុរសម្នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ រត់គេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញចូលមកខេត្តពោធិ៍សាត់


(ពោធិ៍សាត់) ៖ បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ តាមឃាត់ខ្លួនបាននៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ប្រតិបត្តិការខាងលើធ្វើឡើងដោយ បានការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការ ខេត្តប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។ បើតាមប្រភពពីមន្ត្រីយោធា នៃស្នាក់ការសន្តិសុខ B05 ប្រចាំការនៅខេត្តពោធិ៍សាត់ បានឱ្យដឹង ថា បុរសគេចពីការធ្វើចត្តាឡីស័កមានឈ្មោះ មួន សុភាន់ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញស្រុក មុខកំពូល ខេត្តកណ្តាល ។  ជនសង្ស័យបានគេចចេញពីភ្នំពេញ មកខេត្តពោធិ៍សាត់ ចំនួន២យប់ និង៣ថ្ងៃ ហើយបាន ចូលទៅស្នាក់នៅផ្ទះសំណាក់ អង្គរមាស ចំនួន២យប់ នៅបន្ទប់១០១, ចូលទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង, ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះសំពៅមាស និងចូលផឹកស៊ីនៅហាងសំនៀងសុខសាន្ត និងអាច ចូលទៅកន្លែងផ្សេងៗទៀត ។ ប្រភពបានបន្តថា រៀងរាល់ចុះទៅទីតាំងនីមួយៗ គឺមានម៉ូតូឌុបចំនួន២នាក់ ជាអ្នកផ្លាស់ ប្តូរគ្នាដឹកជញ្ជូន ។ ក្នុងប្រតិបត្តិការស្រាវជ្រាវខាងលើ កម្លាំងចម្រុះក៏បានធ្វើការឃាត់ខ្លួន ម៉ូតូឌុប២នាក់ និងប្រពន្ធម៉ូតូឌុប ១នាក់បន្ថែមទៀត ដែលសរុបរួមទាំងជនសង្ស័យមានចំនួន៤នាក់ ដើម្បីយកមកពិនិត្យសំណាក រងចាំការធ្វើតេស្ត ពិនិត្យរកជំងឺកូវីដ-១៩ ថាមានវិជ្ជមាន ឬអវិជ្ជមាន ។ ចំពោះទីតាំងខាងលើ ដែលជនសង្ស័យនោះទៅ បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងហ៊ុមព័ទ្ធពុំឲ្យមានការចេញចូល និងធ្វើការផ្អាកដំណើរការជាបណ្តោះអាសន្ន ។ ប្រភព : មន្ទីរព័ត៌មានខេត្ត ពោធិ៍សាត់

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី