ព័ត៌មានជាតិ

ឯកឧត្តម វង្សី វិស្សុត បានទទួលជួប ពិភាក្សាការងារជាមួយលោកជំទាវ វិចតូរីយ៉ា ខ្វាខ្វា (Victoria Kwakwa)


នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ វិចតូរីយ៉ា ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនាគារពិភពលោក (WB) តាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពី (១)-វឌ្ឍនភាព និងកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ (២)-ផែនការស្តារសេដ្ឋកិច្ចឡើងវិញ និង (៣)-វឌ្ឍនភាព និងទិសដៅនៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៏ជម្រាបជូនថ្នាក់ដឹកនាំ WB ជ្រាបថា ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ សមិទ្ធផលសង្គម-សេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបាននាពេលកន្លងមកប៉ុណ្ណោះទេ តែថែមទាំងអាចទាញបង្អន់ល្បឿន នៃកិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ ។ ឯកឧត្តមបានបន្តថា នៅចំពោះ មុខនៃវិបត្តិជំងឺកូវីដ-១៩ ដែល មិនធ្លាប់មានពីមុនមកនេះ, រាជរដ្ឋាភិបាលបានផ្តោតលើអាទិភាពចំនួន ០៤ គឺ៖ (១).ការប្រយុទ្ធប្រឆាំងទៅ នឹងជំងឺកូវីដ- ១៩ ដើម្បីទប់ស្កាត់ការឆ្លង និងការពារអាយុជីវិតរបស់ប្រជាជន (២).ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ ប្រជាជនក្រីក្រ ក្រុមជនងាយរងគ្រោះ និងអ្នកបាត់បង់ការងារ (៣).ការខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីជួយឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសការរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និង (៤).ការរក្សាឱ្យ បាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ស្ថិរភាពសង្គម និងស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នៅក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ចំនួន ០៧ ជុំរួច មកហើយ តាមរយៈការអនុគ្រោះពន្ធ និងការលើក លែងពន្ធ, ការអនុគ្រោះការបង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងការថែទាំសុខភាព និងការពន្យាការ បង់កាតព្វកិច្ចរបបសន្តិសុខសង្គម, ការបង្កើតឧបករណ៍ហិរញ្ញប្បទានបន្ថែម, ការឧបត្ថម្ភជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ, កម្មវិធីសាច់ប្រាក់ពលកម្ម និងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិត និងការរៀបចំវគ្គបណ្តុះ បណ្តាលដល់កម្មករ-និយោជិត ទាំងជំនាញទន់ និងជំនាញបច្ចេកទេស ព្រមទាំងវិធានការផ្សេងៗទៀត គួបផ្សំនឹងវិធាន ការរូបិយវត្ថុដែលដាក់ចេញដោយធនាគារជាតិនៃកម្ពុជា ដូចជាការកែសម្រួលលក្ខខណ្ឌឥណទាន និងការបង្កើនសន្ទនីយ ភាពនៅលើទីផ្សារជាដើម ។ ឯកឧត្តមបានបន្តថា ក្រៅពីការអនុវត្តនូវកម្មវិធីសាច់ប្រាក់ពលកម្ម ដែលបានជួយស្រូបយក កម្លាំងពលកម្ម ដែលបាត់បង់ការងារ និងវិលត្រឡប់ពីបរទេស និងបានជួយបង្កើតនូវ សមិទ្ធផលសង្គម-សេដ្ឋកិច្ចនៅតាម ជនបទ, រាជ រដ្ឋាភិបាលក៏បានអនុវត្តប្រកបដោយភាពជោគជ័យនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។ គិតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលបាន បញ្ចេញទឹកប្រាក់ សរុប ប្រមាណជាង ២៦០ លានដុល្លារអាមេរិក តាមប្រព័ន្ធធនាគារ ដោយមានបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផល ប្រមាណជាង ២,៧ លាននាក់។ ឯកឧត្តមបានបន្តថា ភាពជោគជ័យនៃការអនុវត្តកម្មវិធីនេះ គឺដោយសារ៖ (១).ការដឹកនាំ និងការចង្អុលទិសដ៏ត្រឹមត្រូវ និងដ៏មានសមត្ថភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខនៃរាជរដ្ឋាភិ បាល (២).ការសន្សំទុកបាននូវធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ សម្រាប់អនុវត្តរាល់វិធានការដែលបានដាក់ចេញ តាមរយៈការ ពង្រឹងនិងជំរុញការប្រមូលចំណូល, ការធ្វើវិចារណកម្មចំណាយដោយប្រយ័ត្នប្រយែង ដោយចាយឱ្យចំទិសដៅអាទិភាព និងប្រសិទ្ធភាព តាមរយៈការកាត់បន្ថយចំណាយមិនសូវចាំបាច់ និងលែងចាំបាច់ ព្រមទាំងការខិតខំកៀរគរ ហិរញ្ញប្បទាន ពីបណ្តាដៃគូអភិវឌ្ឍនានា ដើម្បីបន្ថែមលើមុខចំណាយដែលចាំបាច់ (៣).ការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធនានា និង ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងកម្រិងគោលនយោបាយ, កម្រិតយុទ្ធសាស្រ្ត និងកម្រិតប្រតិបត្តិការ (៤).យន្តការ ដែលមានភាពបត់បែន និងសមស្រប ដែលអាចឱ្យគ្រួសារក្រីក្រមានលទ្ធភាពចុះឈ្មោះ និងទទួលយកអត្ថប្រយោជន៍ ពីកម្មវិធីនេះ និង (៥).ប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងមានប្រតិតុល្យភាព នៅក្នុងចំណោមតួអង្គពាក់ព័ន្ធ ព្រមទាំង (៦). យន្តការតាមដាន និងវាយតម្លៃដ៏មានប្រសិទ្ធភាព ។ ឯកឧត្តម វង្សី វិស្សុត ក៏បានបង្ហាញអំពីទស្សនវិស័យរួម នៃផែនការ ស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដែលនឹងផ្តោតលើ៖ (១).ជំរុញសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើនឡើងវិញ ដោយត្រូវ ជំរុញការបង្កើនសកម្មភាពសេដ្ឋកិច្ច ជាពិសេសធុរកិច្ចថ្មីៗ និងសហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ ទុកជា ប្រភពដ៏មានសក្តានុពលក្នុងការបង្កើតការងារសម្រាប់ប្រជាជន និងអាចស្រូបយកកម្លាំងពលកម្មបានច្រើន ។ ទន្ទឹមនេះ ត្រូវបន្តធ្វើកែទម្រង់ រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងធ្វើពិពិធកម្មសេដ្ឋកិច្ច (២).បន្តគាំទ្រ ដល់ការអនុវត្តកម្មវិធីគាំពារសង្គមឱ្យកាន់តែរឹងមាំ និងអាចធន់ទ្រាំទប់ទល់ទៅនឹងរាល់វិបត្តិនានា ដើម្បីគាំពារប្រជាជន ក្រីក្រ, ជនងាយរងគ្រោះ, អ្នកគ្មានការងារធ្វើអាចរស់នៅបានសមរម្យក្នុងពេលមានវិបត្តិ និងរំដោះខ្លួនចេញពីភាពក្រីក្រ នៅក្រោយវិបត្តិ (៣).ជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអប់រំ បច្ចេកទេស និងជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សេងៗ (៤).ពង្រឹងអភិបាលកិច្ចស្ថាប័នសាធារណៈឱ្យកាន់តែរឹងមាំ ឆ្លាតវៃ ស្អាតស្អំ និង (៥).លើកកម្ពស់គុណភាពនៃការវិ និយោគ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ប្រកបដោយភាពធន់ទ្រាំនឹងបម្រែបម្រួលបរិស្ថាន ដើម្បីគាំទ្រកំណើន សេដ្ឋ កិច្ចដោយចីរភាព ដែលមានការចូលរួមពីរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ។ ពាក់ព័ន្ធនឹងវឌ្ឍនភាព និងទិសដៅនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក, ឯកឧត្តមបានថ្លែង កោតសសើចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមក ហើយដែលតែងបាននិងកំពុង ចូលរួមយ៉ាងសកម្មគាំទ្រចំពោះកិច្ច ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ច ។ បន្ថែមលើនេះ ក្នុងបរិការណ៍បច្ចុប្បន្នដែល សកលលោក និងកម្ពុជាបាននិងកំពុងជួបវិបត្តិកូវីដ-១៩ ព្រមទាំងកំពុងរៀបចំខ្លួនក្នុងការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ ក្រោយវិបត្តិនេះ, ឯកឧត្តមស្នើសុំឱ្យធនាគារពិភពលោកពិនិត្យពិចារណាលើទិដ្ឋភាពសំខាន់ជាសារវ័ន្តចំនួន ៣ សម្រាប់ ជាមូលដ្ឋាននៃការរៀបចំផែនការ និងទិសដៅកិច្ចសហប្រតិត្តិការទៅមុខ ដែលរួមមាន៖ (១).ពិនិត្យ និងពិចារណាកែ សម្រួលឡើងវិញលើលក្ខខណ្ឌឥណទាន ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបាន នូវហិរញ្ញប្បទានដែលមានកម្រិត សម្បទានខ្ពស់, (២).កៀរគរហិរញ្ញប្បទានឥតសំណងឱ្យដល់កម្ពុជា ធ្វើយ៉ាងណាឱ្យធាតុអំណោយ (Grant Element) របស់គម្រោងនីមួយៗ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុលរបស់រាជរដ្ឋាភិបាល, និង (៣).បង្កើនគុណ ភាពនៃគម្រោងវិនិយោគហិញ្ញប្បទានដោយធនាគារពិភពលោកឱ្យកាន់តែប្រសើរ និងកាន់តែឆ្លើយតបជាងបច្ចុប្បន្ន ។
ជាការឆ្លើយតប លោកជំទាវ វិចតូរីយ៉ា ខ្វាខ្វា ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងជោគ ជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលអាចចងក្រងទុកជាឯកសារ និងចែករំលែក ជាបទពិសោធន៍ជូនទៅបណ្តាប្រទេសនានា។ លោកជំទាវបានបន្ថែមថា ឆ្លើយតប ទៅនឹងសំណើខាងលើ ធនាគារពិភព លោក នឹងធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីរកចម្លើយដ៏សមស្រប ណាមួយសម្រាប់កម្ពុជា ក្រោមក្រប ខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរឹងមាំ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី