ព័ត៌មានកីឡា

សាន បូរ៉ា ថា ចូលកោះកុង ជាជម្រើសដ៏ល្អ ព្រោះមានឱកាសបង្ហាញខ្លួនច្រើន


សាន បូរ៉ា ថា ចូលកោះកុងជាជម្រើសដ៏ល្អ ព្រោះមានឱកាសបង្ហាញខ្លួនច្រើន ការចូលរួមជាមួយកោះកុងអេហ្វស៊ី គឺជា ជម្រើសដ៏ត្រឹមត្រូវមួយ មិនមែនជាការដើរថយក្រោយក្នុងអាជីពរបស់ខ្លួនទេ ។ នេះជាការលើកឡើងពីខ្សែ បម្រើវ័យក្មេង សាន បូរ៉ា ដែលផ្លាស់ពីវិសាខាទៅក្រុមមានមូលដ្ឋាននៅខេត្តកោះកុងក្នុងឆ្នាំ២០២១ និងកំពុងប្រកួតប្រជែងពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ។ ជាក្រុមកម្រិតខេត្ត និងលេង Cambodian League 2 មិនដូច ទ្រនំចាស់វិសាខាដែលជាក្រុមកម្រិតលីគកំពូលក្ដី អតីតកីឡាករ U19 ជម្រើសជាតិកម្ពុជានៅតែអះអាងរីករាយ ព្រោះមាន ឱកាសបង្ហាញខ្លួនច្រើន ។ បូរ៉ា ពន្យល់ពីមូលហេតុសម្រេចចិត្តចូលរួមជាមួយកោះកុងអេហ្វស៊ីបែបនេះ “៖ខ្ញុំមកកោះកុង ព្រោះចង់ជួយក្រុមទទួលបានលទ្ធផលល្អ បានលេងលីគកំពូល និងមានឱកាសចូលលេងបានច្រើន ។ ខ្ញុំមកនៅនេះខ្ញុំ បានលេងច្រើនជាងក្រុមចាស់ ។” គួរដឹងដែរថា សាន បូរ៉ា បានចាកចេញពីក្រុមថ្នាលយុវជនព្រះខ័នរាជស្វាយរៀង ទៅចូលរួមជាមួយវិសាខាក្នុងឆ្នាំ២០១៧ និងឈ្នះជើងឯក League 2 ឡើងទៅកាន់ក្របខណ្ឌ Metfone Cambodian League រដូវកាល២០១៨។ យ៉ាងណា គេមិនសូវបានចូលលេងឡើយ ហើយក្នុងជុំទី២ រដូវកាល២០២០ កីឡាករវ័យ២១ ឆ្នាំបានផ្ទេរទៅព្រៃវែងអេហ្វស៊ីលើលក្ខខណ្ឌខ្ចី ប្រកួត Cambodian League 2 ។ ក្រោយរួមចំណែកឈ្នះជើងឯក League 2 នៅព្រៃវែង បូរ៉ា ក៏សម្រេចចិត្តផ្លាស់ទៅកោះកុងអេហ្វស៊ី និងបានបង្ហាញខ្លួនក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គ្រប់ការប្រកួតក្នុងវគ្គចែកពូល ជើងទីមួយ ។ អត្ថបទ៖ CNCC ប្រភពរូប Koh Kong FC

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី