សហព័ន្ធខ្មែរទោចក្រយាន លើកទឹកចិត្តឱ្យក្រុមជម្រើសជាតិហ្វឹកហាត់នៅតាមផ្ទះ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាខ្មែរទោចក្រយាន បានប្រាប់ឲ្យដឹងថា ថ្នាក់ដឹកនាំសហព័ន្ធ បានលើកទឹក ចិត្តជូនដល់ កីឡាករ កីឡាការិនី ជម្រើសជាតិ របស់ខ្លួន ឱ្យបន្តការហ្វឹកហាត់ នៅតាមផ្ទះរៀងៗ ខ្លួនឱ្យបានជាប្រចាំ ឱ្យបានទៀងទាត់ ប្រចាំថ្ងៃ ដើម្បីថែរក្សា ថាមពលកម្លាំង និងគុណ ភាពបច្ចេកទេស ឱ្យកុំឱ្យធ្លាក់ចុះខ្លាំង នៅក្នុងអំឡុងពេលរំសាយ ការប្រមូលផ្តុំ ជាបណ្តោះ អាសន្នជាថ្មីម្តងទៀត នៃស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ជាពិសេស ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដែលរាជរដ្ឋាភិបាល ប្រកាសឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ទំាងអស់គ្នា ។ អគ្គលេខាធិការរូបនេះលើកឡើងទៀតថា ក្រុមជម្រើសជាតិទោច ក្រយាន មានចំនួន សរុប១៤នាក់ ក្នុងនោះក្រុមឈុតធំមាន៦នាក់ និងឈុតថ្នាលមានចំនួន៨នាក់ ហើយមាន គ្រូបង្វឹក និងគ្រូជំនួយចំនួន៤នាក់ ។ បច្ចុប្បន្នក្រុម កីឡាករជម្រើសជាតិកំពុងបន្តការហ្វឹក ហាត់នៅតាមផ្ទះរៀងៗខ្លួន និងការហាត់ ជិះកង់នៅតាមដងផ្លូវលក្ខណៈឯកត្តជនមិនជិះកង់ លក្ខណៈជួបជុំគ្នាឡើយ ។ លោកបញ្ជាក់ថា ក្រុមជម្រើសជាតិមិនអាច សម្រាកអសកម្មនោះឡើយ ពោលគឺត្រូវតែ ហ្វឹកហាត់ជាប្រចាំ ដើម្បីថែទាំបច្ចេកទេសកុំឱ្យធ្លាក់ចុះខ្លាំងពេក ដែលការហ្វឹក ហាត់ ដោយខ្លួន ឯងនៅតាមផ្ទះរៀងៗខ្លួននេះ គឺមិនអាចល្អដូចការហ្វឹកហាត់ជួបជុំគ្នាដោយ ផ្ទាល់ជាមួយគ្រូបង្វឹកនោះ ឡើយ ប៉ុន្តែវាជាការចំបាច់ ដែលត្រូវតែហ្វឹកហាត់នៅតាមផ្ទះ ដើម្បីថែទាំគុណផលកីឡាឱ្យបានប្រសើរផង ក៏ដូចជាចូល រួមចំណែកជាមួយ រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជាផងដែរ ។លោក នូ ចំរើន សង្កត់ធ្ងន់ថា សម្រាប់ការហ្វឹកហាត់របស់ក្រុម ជម្រើសជាតិ ប្រណាំងកង់នេះ គឺដើម្បីត្រៀមចូលរួម ប្រកួត ប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលបច្ចុប្បន្នម្ចាស់ផ្ទះ វៀតណាម បានកំណត់ឱ្យមានការប្រកួតលើប្រភេទកីឡាកង់នេះរួចហើយ គឺវិញ្ញាសាកង់គក់ និងកង់ភ្នំ ប៉ុន្តែវិញ្ញាសាតូចៗ នៃវិញ្ញាសាទាំងពីរនេះមិន ទាន់បង្ហាញឱ្យឃើញនៅឡើយទេ ដោយ សារកិច្ចប្រជុំមួយស្តីពីការបញ្ជាក់ នូវភាពលម្អិតរបស់ កម្ពុជានៃស៊ីហ្គេម ឆ្នាំ២០២១ ត្រូវបាន លើកពេលបណ្តោះអាសន្ន ។