ព័ត៌មានជាតិ

កូនអរគុណនូវ គុណូបការ:របស់ម៉ាក់ណាស់​ ម៉ាក់សម្រាកចុះកូននឹងយកម៉ាក់ទៅវត្ត​ អោយម៉ាក់បានសុំសីល​ ដោយក្តីស្ងប់សុខណាម៉ាក់ណា


ថ្ងៃទី​ 24 ខែមិនា​ឆ្នាំ2021 ម៉ោង11 ព្រឹកក្រោយលឺដំណឹងម៉ាក់ឈឺ​ 8ថ្ងៃ​​ ខ្ញុំបានទៅមេីលគាត់ដោយអារម្មណ៍អន្ទះសារ​ គាត់ បានលាក់បាំងខ្ញុំដោយគ្រាន់តែប្រាប់ថា​ គាត់ផ្តាសាយក្តៅខ្លួនតិចតួច។ ពេលទៅដល់​ ខ្ញុំឃេីញគាត់ក្តៅស្ទីងៗ​ ដកដង្ហេីម ផតចូលក្នុងខ្លាំង​ (ដង្ហក់) ហេីយបែកញេីសពេញខ្លួន ។​ ខ្ញុំយកដៃស្ទាបគាត់​ គាត់ស្តីអោយខ្ញុំថាកុំប៉ះគាត់​ បេីគាត់កេីតកូវីត​ ខ្ញុំនឹងឆ្លង។ ម៉ោង​3 រសៀលខ្ញុំសម្រេចចិត្តយកគាត់ទៅពេទ្យសាន់រ៉ាយដេីម្បីពិនិត្យ​ ពេលទៅដល់ពេទ្យថតសួតគាត់មុនគេ​ ដោយសង្ស័យពីរអាការៈគាត់ ។ ពេលថតរួចឃេីញរលាកទាំងសងខាងពេទ្យក៏រុញអោយខ្ញុំទៅពេទ្យសូវៀតភ្លាម ។ម៉ោង6ល្ងាចខ្ញុំទៅដល់ពេទ្យសូវៀត​ សួរនាំរួចគេរុញម៉ាក់ចូលបន្ទប់សង្គ្រោះបន្ទាន់។ គិលានុបដ្ឋាយិកា​ម្នាក់មកវ៉ាស់អុក សុីសែនម៉ាក់​ ហេីយបេីកភ្នែកធំៗ​ និយាយថាបេីនៅចាំលទ្ធផលតេស្តទៀត​ គាត់នឹងផុតហេីយ។ គាត់ក៏ទាញ​ ឧបករណ៍​ដាក់ជំនួយដង្ហេីមអោយម៉ាក់ភ្លាម។ នៅរង់ចាំរហូតដល់​ម៉ោង​ 1ភ្លឺ​ ទេីបពេទ្យធ្វេី​ Rapid Test អោយម៉ាក់​ ឃេីញគាត់វិជ្ជមានកូវីត19 បឋម។ ម៉ោង3 ទាបភ្លឺ​ គេបញ្ជូនគាត់ទៅមណ្ឌលចត្តាឡីស័កខាងក្រោយពេទ្យ​ ដេីម្បីយកសំណាកម្តងទៀតទៅពិនិត្យនៅប៉ាស្ទ័រ។

ថ្ងៃទី25 ខ្ញុំមេីលថែទាំម្តាយដែលកំពុងរង់ចាំទៅទទួលការព្យាបាលនៅអាគារព្យាបាលអ្នកជម្ងឺកូវីតជាបណ្តោះអាសន្ន។ ម៉ាក់អង្គុយជាប់រហូត​ ព្រោះសួតគាត់រលាកសងខាងពិបាកដកដង្ហេីមខ្លាំង។ គាត់ប្រឹងប្រែងដកដង្ហេីម​ ដោយសារខ្ញុំនៅជិតគាត់​ សុំអង្វរគាត់អោយគាត់ខំបន្តទៀត។ ខ្ញុំច្បាំងជាមួយគាត់ក្នុងដំណាក់កាលនេះផង​ ការពារខ្លួនកុំអោយឆ្លងផង​។ ខ្ញុំជូតសម្អាតខ្លួនគាត់​ ចាក់ទឹកនោម​ លាមកគាត់មេីលថែគាត់​ មិនហ៊ានបិទភ្នែកគេងលេីស15នាទីទេ។ ពេលចូលទៅម្តងៗ​ ខ្ញុំពាក់ម៉ាស​ បិទដង្ហេីមខ្លួនឯង​ ពាក់ស្រោមដៃ​ បាញ់អាកុល5នាទីម្តងលេីខ្យល់ក្នុងបន្ទប់គាត់​ និងបាញ់សព្វលេីខ្លួនឯង​ បាញ់រហូតដល់មុខនិងដៃរលាកទាំងសងខាង។ ខ្ញុំមិនយកដៃប៉ះមុខ​ មិនបេីកម៉ាសស្ទេីរ24ម៉ោង។ ទោះយំក៏យកក្រដាសអាកុលជូតភ្នែក​ ពេលហូបទឹក​ ឬបាយគឺដេីរទៅឆ្ងាយដល់ច្រកទ្វាចូលអាគារហូបមិនអោយលេីស​ 3នាទីទេ​ ព្រោះនៅទីនេះមិនមែនមានតែម៉ាក់ម្នាក់ទេដែលឈឺ។ ខ្ញុំអង្គុយលេីបង់ក្រៅបន្ទប់គេង​យាមម៉ាក់​ ភ្នែកមិនហ៊ានបិទលេី5នាទីឡេីយ។ មានម្តងម៉ាក់គាត់ខ្លាចខ្ញុំមេីលថែគាត់លំបាកហេីយឆ្លង​ គាត់ប្រឹងងេីបឡេីងបត់ជេីងធំខ្លួនឯងលេីកន្ធោរទាំងជាប់ស៊ុងទឹកនោម។ ពេលខ្ញុំមកឃេីញ​ អុកសុីសែនគាត់នៅត្រឹម​ 50ជាង​ គាត់ស្ទេីរដកដង្ហេីមមិនដល់គ្នា។ ខ្ញុំប្រាប់គាត់ថា​ "ម៉ាក់​ កូនមេីលថែម៉ាក់បាន​ កូនមានកូនតូច​ កូនមេីលកូនស្រីកូនឡេីងទម្លាប់ហេីយ។ ម៉ាក់ប៉ុណ្ណឹងកូនមេីលបាន​ ទោះកូនឆ្លងយ៉ាងច្រេីនសម្រាកព្យាបាល។ កូននៅពេទ្យស្រាប់​ ហេីយកូនសុខភាពល្អទេ។ កូនឆ្លងក៏កូនមិនឈឺធ្ងន់ដែរ។"

នៅដំណាក់កាលស្លាប់រស់នេះទៅហេីយ​ កូនដឹងថាម៉ាក់នៅតែបារម្ភកូន។ ម៉ាក់ប្រឹងនិយាយលេីកណាក៏ថា​ "កូនទៅគេងទៅ​ កូនគេងអត់ឆ្អែតប្រយ័ត្នចាស់ទៅកេីតទឹកនោមផ្អែមដូចម៉ាក់។" "កូនចេញអោយឆ្ងាយពីម៉ាក់ទៅ​ កុំឈរមេីលម៉ាក់នៅមាត់ទ្វា​ ប្រយ័ត្ន​ឆ្លង" "កូនសួរពេទ្យមេីល​ លទ្ធផលកូនចេញនៅ​ ពេលណាគេអោយកូនចេញពីទីនេះ"​ "កូនញាំបាយខ្លួនឯងទៅ​ ម៉ាក់ហូបបាយខ្លួនឯងបាន​ មិនបាច់ឈរមេីលម៉ាក់ទេ កុំអោយឃ្លាន" "កូនទៅងូតទឹកទៅ​ កូនខានប្តូរខោអាវពីរថ្ងៃហេីយណា"​ "កូនមានធ្វេីទុកអីក្នុងខ្លួនអត់​ មានអត់ស្រួលខ្លួនត្រង់ណាអត់"។

ដោយសារម៉ាក់មិនស្រួល​ ខ្ញុំក៏រកនឹកអ្នកដែលចម្លងគាត់​ គិតរួចខ្ញុំក៏ឆាតទៅមនុស្សពីរនាក់ដែលខ្ញុំគិតថាជាអ្នកចម្លងគាត់។ ម្នាក់គឺបុគ្គលិកថ្មីខ្ញុំចូលបានមួយសប្តាហ៍។ ម្នាក់ទៀតជិតស្និតជាមួយម្តាយខ្ញុំ​ និងជិតស្និតជាមួយបុគ្គលិកថ្មីនោះ។ ខ្ញុំប្រាប់អោយពួកគេទៅធ្វេីតេស្តភ្លាមនៅថ្ងៃទី25

នៅថ្ងៃទី26 លទ្ធផលចេញមកបង្ហាញថា​ បុគ្គលិកម្នាក់ថ្មីដែលខ្ញុំយកមកធ្វេីការមានវិជ្ជមានកូវីត19។ ខ្ញុំក៏បានដឹងច្បាស់ថាគាត់ជាប្រភពចម្លងទៅម្តាយខ្ញុំ។ ទន្ទឹមនឹងនោះ​ ប៉ាខ្ញុំក៏ចេញលទ្ធផលតេស្តវិជ្ជមាននៅថ្ងៃដដែល។​ ហេីយក្រសួងសុខាភិបាលក៏បានចុះទៅយកសំណាកបុគ្គលិកនៅក្នុងហាងប្អូនប្រុសខ្ញុំ​ និងហាងខ្ញុំទាំងពីរ​ ហេីយបិទទ្វាបណ្តោះអាសន្ន។

យប់ថ្ងៃទី26 ម៉ាក់ខ្ញុំធ្វេីទុកខ្លាំង​ គាត់ហូបលែងបាន​ ដង្ហេីមខ្លីជាងមុន។ ខ្ញុំនៅមេីលអុកសុីសែនអោយគាត់និងប្តូរអុកសុីសែនអោយគាត់ពីបំពង់មួយទៅបំពង់មួយពេញមួយយប់។ នៅពេលមួយដែលបំពង់អុកសុីសែនគាត់អស់ទាំងអស់​ ខ្ញុំស្រែកប្រាប់គាត់​ "ម៉ាក់ទ្រាំបន្តិចណា​ កូនទៅអូសបំពង់អុកសុីសែនពីបន្ទប់ជាប់នឹងដាក់អោយម៉ាក់ហេីយ។ កូនចេះប្តូរ​ កូនប្តូរក្បាលអុកសុីសែនដាក់អោយម៉ាក់"។ ខ្ញុំធ្វេីដូចនេះពេញមួយយប់រហូតដល់ភ្លឺ​ អង្គុយមាត់ទ្វាបន្ទប់ជិតគាត់ជាប់​ មេីលរង្វាស់អុកសុីសែនគាត់លេីអេក្រង់​ និងមេីលទឹកមុខដែលហត់ខ្លាំង​ និងស្គមរីងរៃរបស់គាត់​ ទាំងសោកសង្រែង។ តែអ្នកម្តាយ​ អ្នកម្តាយមិនដែលបង្រៀនកូនអោយបោះបង់ទេ​ ដូចនេះកូនមានតែតស៊ូរហូតដល់អភូត្តហេតុកេីតមាន។ កូនជាមនុស្សដែលមិនចុះចាញ់​ ចឹងកូនធ្វេីម្តេចបាននឹងបោះបង់អ្នកម្តាយនោះ។ ទោះឃេីញអ្នកម្តាយលំបាក​ ក៏កូនចង់អោយអ្នកម្តាយស៊ូ​ រហូតយេីងបានឆ្លងផុតពីទីនេះដល់គេបញ្ជូនអ្នកម្តាយទៅអាគារព្យាបាលណា។

ព្រឹកឡេីងម៉ោង6 ថ្ងៃទី27 អ្នកម្តាយត្រូវបានគ្រូពេទ្យបញ្ជាក់ថាលទ្ធផលតេស្តវិជ្ជមាន​ ទេីបម៉ោង​ 9ព្រឹកគេបញ្ជូនគាត់ចូលសម្រាកព្យាបាលនៅអាគារសម្រាកព្យាបាលអ្នកជម្ងឺកូវីត។​ ខ្ញុំអង្វករអ្នកយាមមណ្ឌល​ អោយខ្ញុំបានរត់ទៅតាមឡានពេទ្យទាំងគេមិនអោយខ្ញុំចេញពីអាគារចត្តាឡីស័ក​ ដេីម្បីដាក់បង្វេចអ្នកម្តាយទៅលេីឡាន​ ព្រោះមិនមានអ្នកណាម្នាក់ហ៊ានមកលេីកដាក់អោយគាត់ទេ។ ខ្ញុំស្រែកផ្តាំទៅគាត់ជាចុងក្រោយថា "ម៉ាក់ត្រូវតែស៊ូ​ ម៉ាក់នឹងជា ណាម៉ាក់ណា"។ ឡានបិទទ្វាហេីយបេីកចេញទៅ​ ខ្ញុំយំអង្វរទៅទេវតា​ និងមនុស្សគ្រប់គ្នា​ លេីកដៃសំពះអោយជួយម្តាយខ្ញុំផង​ ហេីយដេីរត្រលប់ចូលមណ្ឌលចត្តាឡីស័កវិញ​ អង្គុយហាលថ្ងៃទាំងខ្លួនគ្មានបន្ទប់ស្នាក់​ មានតែកន្ទេលនិងគ្រែពេទ្យក្បែរផ្លូវសម្រាក។

ថ្ងៃបន្ទាប់​ គ្រូពេទ្យក៏បេីកបន្ទប់មួយអោយខ្ញុំសម្រាក។ ខ្ញុំរង់ចាំថ្ងៃទី1 ថ្ងៃទី2 ថ្ងៃទី3 ម៉ាក់ខលមកខ្ញុំហៅ​ "គីម​ៗ​ កូននៅណា" ទាំងមាត់គាត់ជាប់អុកសុីសែន​ លឺតែខ្យល់ខ្សាវៗ។ ខ្ញុំនិយាយទៅកាន់គាត់ថា​ "ម៉ាក់​ ខ្ញុំអត់អីទេ​ ម៉ាក់កុំបារម្ភ។ តេស្តខ្ញុំចេញអវិជ្ជមានហេីយ។ ម៉ាក់ស្តាប់ពេទ្យណា​ កូនផ្តាំពេទ្យហេីយអោយមេីលម៉ាក់​ ម៉ាក់ខំពេកខ្លាចហត់​ ចាំពេលម៉ាក់ធូរ​ កូនខលទៅម៉ាក់ទៀត"។ ខ្ញុំទុកទូរស័ព្ទមិនបិទ​ ស្តាប់សម្លេងគាត់មួយម៉ោងពេញ។ គាត់ហត់​ ដង្ហក់​ ហេីយក្អករហូត។

ល្ងាចថ្ងៃទី30 ខ្ញុំត្រូវបានពេទ្យអនុញ្ញាត្តអោយចេញពីមណ្ឌលចត្តាឡីស័ក​ ក្រោយតេស្តលេីកទីបី​ ហេីយអោយបន្តនៅឃុំខ្លួន14 ថ្ងៃទៀត។

ព្រឹកឡេីងថ្ងៃ​31 ខ្ញុំឃេីញព័ត៌មានស្ត្រីអាយុ56 ឆ្នាំស្លាប់នៅមន្ទីរពេទ្យសូវៀត​ ខ្ញុំខលទៅគ្រូពេទ្យភ្លាម។ គាត់ប្រាប់ថាម៉ាក់ខ្ញុំមិនអីទេ​ គាត់នៅគ្រែផ្សេង​ មិនមែនម៉ាក់ខ្ញុំទេ។ គ្រូពេទ្យក៏សួរខ្ញុំថា​ ពេលណាខ្ញុំបានចេញពីមណ្ឌល​ ខ្ញុំថាខ្ញុំចេញហេីយ​ តាំងពីម្សិលមិញ។ រហូតដល់ម៉ោង3:13 នាទី​ គ្រូពេទ្យខលមកខ្ញុំម្តង​ ប្រាប់ពីដំណឹងម្តាយខ្ញុំចែកឋាន​ នៅវេលាម៉ោង​ 14:43នាទី​ ក្រោយសង្គ្រោះអស់ពីលទ្ធភាព។

កូនដឹងថាម៉ាក់ប្រឹងអស់លទ្ធភាពហេីយ​ ម៉ាក់មិនដែលខ្លាចក្តីស្លាប់ទេ​ ម៉ាក់ស៊ូក៏ព្រោះតែក្តីអង្វកររបស់កូន។ គ្រាន់តែបានលឺកូនបានចេញពីមណ្ឌលភ្លាម​ ម៉ាក់ក៏សម្រេចចិត្តចាកចេញ។ កូនដឹងថា​ ម៉ាក់នៅបារម្ភពីកូនទេីបម៉ាក់ទ្រាំចង់លឺដំណឹងកូន។ កូនមានសុខភាពល្អទេ។ ម៉ាក់ធូរចិត្តហេីយ។ ម៉ាក់រស់នៅបានយ៉ាងពេញលេញហេីយ ម៉ាក់មានប្តីដែលស្រលាញ់ម៉ាក់​ ម៉ាក់បានបីបាច់កូនទាំង4 អោយក្លាយជាបញ្ញវ័ន្ត​ និងអ្នកជំនួញដែលប្រកបដោយធម៌​ និងក្តីមេត្តាក្នុងខ្លួន​ ម៉ាក់ទទួលបានកូនប្រសារ4 និងចៅ8 ដែលសុទ្ធតែជាមនុស្សល្អ​ និងជាអ្នកសាងល្អ។ កូនអរគុណនូវគុណូបការៈរបស់ម៉ាក់ណាស់​។ ម៉ាក់សម្រាកចុះ។ កូននឹងយកម៉ាក់ទៅវត្ត​ អោយម៉ាក់បានសុំសីល​ ដោយក្តីស្ងប់សុខណាម៉ាក់ណា។

នៅថ្ងៃដដែលម៉ោង​14:43នាទី​ ប្អូនថ្លៃខ្ញុំពិនិត្យពោះឃេីញកូនភ្លោះ។ គ្រួសារខ្ញុំទទួលបានក្តីសង្ឃឹមឡេីងវិញ។ ម៉ាក់សាងអភូត្តហេតុហេីយ។ ម៉ាក់ចូលទៅនៅក្នុងពោះកូនស្រីប្រសារម៉ាក់។ ម៉ាក់មិនទៅណាចោលពួកកូនទេ។ អរគុណម៉ាក់ដែលស្រលាញ់កូនៗយ៉ាងនេះ។

ដោយក្តីគោរព​ និងស្រលាញ់​

In Memories & Forever until last breath of mine.
Source:Ellie Kim

https://t.me/TVKlocal/1486

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង