ព័ត៌មានកីឡា

កម្ពុជាពង្រឹងផែនការ ២ ដើម្បីធានាការបណ្ដុះបណ្ដាល អត្តពលិកត្រៀមស៊ីហ្គេម


កម្ពុជាពង្រឹងផែនការ ២ ដើម្បីធានាការបណ្ដុះបណ្ដាលអត្តពលិកត្រៀមស៊ីហ្គេម

ស្ថាប័នកីឡាជាតិ បាននឹងកំពុងយកចិត្តទុកដាក់ជាខ្លាំង លើការប្រមូលផ្ដុំ ក្រុមជម្រើសជាតិ ដើម្បីត្រៀមការប្រកួត អន្តរជាតិនានា ពិសេស ការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម នាចុងឆ្នាំ២០២១ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ខណៈកម្ពុជា បានពង្រឹងផែនការ សំខាន់ៗចំនួន ២ ដើម្បីឈានទៅ សម្រេចគោលដៅ ក្នុងការផលិតធនធាន កីឡាករ-កីឡាការិនី ប្រកបដោយសក្ដានុពល ក្នុងការប្រកួត និងដណ្ដើម មេដាយជូនជាតិ។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា ផែនការទាំង ២ រួមមានការជំរុញការហ្វឹកហាត់ ដើម្បីបន្ដនិរន្តរភាពរបស់ប្រភេទកីឡានីមួយៗ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ និងការបន្ដធ្វើការងារជាប់ជាមួយភាគីចិន ដើម្បីបញ្ជូនកីឡាករ-កីឡាការិនីជាង ១០ប្រភេទទៅហ្វឹកហាត់រយៈពេលវែង សម្រាប់ត្រៀមប្រកួតស៊ីហ្គេម។ ឯកឧត្ដមបានបញ្ជាក់ថា ផែនការទាំងពីរនេះគឺជាយុទ្ធសាស្ត្រត្រូវដើរទន្ទឹមគ្នា ហើយទាមទារឲ្យមានការសហការគ្នាពីគ្រប់ភាគី ទាំងក្រសួងអប់រំ នាយកដ្ឋានកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា សហព័ន្ធកីឡាជាតិ រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC ផងដែរ ដើម្បីធានានូវការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីប្រកបដោយគុណវុឌ្ឍិ ដើម្បីប្រកួតប្រជែងមេដាយជូនជាតិបាន។

ក្រៅពីផែនការទាំងពីរ កម្ពុជាក៏ជំរុញឲ្យសហព័ន្ធកីឡាជាតិមួយចំនួនត្រៀមខ្លួន និងធ្វើការជាមួយបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីបញ្ជូនអត្តពលិកទៅហ្វឹកហាត់ក្រៅប្រទេស បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយផងដែរ ដូចជាទៅជប៉ុន និងកូរ៉េជាដើម។ លើសពីនេះសហព័ន្ធក៏ត្រូវបន្ដធ្វើការជាមួយកីឡាករ-កីឡាការិនីកូនខ្មែរនៅក្រៅប្រទេស ដើម្បីតាមដានពីការហ្វឹកហាត់ ហើយត្រៀមខ្លួនចូលរួមប្រកួតតំណាងកម្ពុជាផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្នមានកីឡាប្រមាណ ១០ប្រភេទប៉ុណ្ណោះបានរៀបចំទីតាំងប្រមូលផ្ដុំឡើងវិញ ខណៈកីឡាមួយចំនួនធំពុំទាន់បានប្រមូលផ្ដុំនោះទេដោយសារវិបត្តិកូវីដ-១៩ ហើយក្រសួងអប់រំ និងស្ថាប័នក្រោមឱវាទ រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC បាននឹងកំពុងធ្វើការជាមួយសហព័ន្ធ ដើម្បីស្វែងរកទីតាំងមានសុវត្ថិភាពបើកការប្រមូលផ្ដុំជាបន្ដបន្ទាប់ទៀត ដើម្បីពង្រឹងគុណភាពហ្វឹកហាត់ត្រៀម ការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាម ដែលគ្រោងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី