ព័ត៌មានជាតិ

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសអញ្ជើញ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប


សៀមរាប៖ ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ គណៈប្រតិភូក្រសួង និងក្រុមការងារ បច្ចេកទេសអន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្ត សៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រីបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ ព័ន្ធផងដែរ ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿង ចក្រ និងសម្ភារបរិក្ខារបច្ចេកទេសសម្រាប់ស្ថាបនាផ្លូវ ដែលអនុវត្តដោយអង្គភាពសាងសង់ទាំង ០៨ រួមមាន៖ ១) កងវិស្វ កម្មលេខ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៧) នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ដើម្បី ពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងការអនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដាបច្ចេកទេស ធានាបាននូវគុណ ភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល មានប្រសិទ្ធភាពខ្ពស់ និងសម្រេចការងារឱ្យបានទាន់ពេលវេលា ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានឱ្យដឹងថា៖ គណៈកម្មការអន្តរក្រសួង បានបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ដើម្បីចុះ ត្រួតពិនិត្យ តាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនេះ និងវាយតម្លៃការងាររបស់ អ្នកអនុវត្តការសាងសង់ ដោយចុះពិនិត្យផ្ទាល់ជាប្រចាំនៅតាមអង្គភាពអនុវត្តការសាងសង់នីមួយៗ ដើម្បីឱ្យអង្គភាពសាង សង់អនុវត្តតាមលក្ខខណ្ឌតម្រូវ តាមគោលការណ៍ និងស្តង់ដាលក្ខណៈបច្ចេកទេស ដែលបានកំណត់ ដោយត្រូវធ្វើការ រាយការណ៍ជាប្រចាំរៀងរាល់ ២សប្តាហ៍ម្តង ជូនក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃ និងគណៈកម្មការអន្តរក្រសួងផង ដែរ ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ឱ្យដឹងពីក្រុមការងារបច្ចេកទេសចម្រុះទទួលបន្ទុការត្រួតពិនិត្យ ទាំងអស់មានចំនួន ៩ក្រុមផងដែរ រួមមាន៖ ១)ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ ផ្លូវចំនួន១៣ខ្សែអនុវត្តដោយ កងវិស្វកម្ម លេខ១៧៨ស្ពាន-ថ្នល់ ២)ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ខ្សែ អនុវត្តដោយកងវិស្វកម្មតេ ជោហ៊ុន សែន ខេត្តសៀមរាប ៣) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៦ខ្សែ អនុវត្តដោយកងវិស្វ កម្មសម្ដេចតេជោ ខេត្តសៀមរាប ៤) ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនា យកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ ៥) ក្រុមការងារត្រួតពិនិត្យតាមដាន គម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនា យកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៦)ក្រុមការងារត្រួតពិនិត្យ តាមដានគម្រោងសាងសង់ផ្លូវចំនួន២ខ្សែ អនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ៧) ក្រុមការងារត្រួតពិនិត្យតាមដាន គម្រោងស្ថាបនាបណ្ដាញលូទឹក ភ្លៀង និងលូទឹកកខ្វក់មិនស្ថិតនៅក្រោមខ្សែផ្លូវទាំង៣៨ខ្សែ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៨)ក្រុម ការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារកាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ អនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ និង៩)ក្រុមការងារសិក្សានគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យ កម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង ។ ថ្លែងនៅក្នុងដំណើរចុះ ពិនិត្យនា ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានណែនាំឱ្យក្រុមការងារស្ថាបនា សាងសង់ផ្លូវត្រូវដាក់ប៉ាណូបញ្ជាក់ពីម្ចាស់គម្រោង និងអ្នកសាងសង់តាមស្តង់ដា ដើម្បីឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបានដឹង និងត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យមាន របៀបរៀប រយ បញ្ចៀសនិងសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ ពាក់ឯកសណ្ឋានឱ្យបានសមរម្យ និងប្រើប្រាស់សម្ភារបច្ចេក ទេសសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនក្នុងពេលសាងសង់ ។ សូមបញ្ជាក់ជូនថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុង សៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិ សរុប ប្រមាណជាង ១៤០លានដុល្លារ អាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុង ការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់ រយៈ ពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ ។ រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖ ប្រភេទទី១ ជាផ្លូវស្ថិតក្នុង តំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយ អ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រឡើងវិញ ប្រភេទទី២ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុង កៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ ប្រភេទទី៣ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរ ធ្វើ ដំណើរច្រើន នឹងត្រូវ សាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ប្រភេទទី៤ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវ ដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥សង់ទីម៉ែត្រ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចូលអុចធូបនៅទីសក្ការបូជាព្រះអង្គចេក ព្រះអង្គចម ឋិតក្នុងទឹកដីខេត្តសៀមរាប ដើម្បីបួងសួងសុំ សេចក្តីសុខសេចក្តីចម្រើនកើតមានដល់ ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរនៅទូទាំង ប្រទេសឱ្យចៀសផុតពីការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រទេស កម្ពុជាទាំងមូលផងដែរ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង