ព័ត៌មានជាតិ

លោក ណុប ដារ៉ា ចុះបង្ក្រាបការប្រមូលផ្ដុំលេង ល្បែងភ្នាល់ទឹកភ្លៀង ដែលប្រឆាំងទៅនឹងបម្រាមរបស់ប្រមុខរាជរដ្ឋាភិបាល


លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបការប្រមូលផ្ដុំលេងល្បែងភ្នាល់ទឹកភ្លៀង ដែលប្រឆាំងទៅនឹងបម្រាមរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩ ប្រតិបត្តិការបង្ក្រាបនេះបានចំនួន ៣គោលដៅ ដែលកំពុងប្រមូលផ្ដុំគ្នា លេងល្បែងភ្នាល់ទឹកភ្លៀង នៅក្រោយផ្សារ ភូពុយ ខេត្តបាត់ដំបង ។

ប្រតិបត្តិការចុះបង្ក្រាបការប្រមូលផ្ដុំ អ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង ៣គោលដៅនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងចំនួន ១៣នាក់ ក្នុងនោះមានស្រី១ ម៉ូតូចំនួន ១០គ្រឿង រថយន្តចំនួន ៤គ្រឿងបញ្ជូនមកស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។

ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមពីសំណាក់ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង ដោយប្រើប្រាស់កម្លាំងរបស់ស្នងការនគរបាលខេត្តបាត់ដំបង មានកម្លាំងសន្តិសុខផ្ទៃក្នុង និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបង ៕

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី