ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់បណ្តាក្រុមហុ៊ន ដីសម្បទានសេដ្ឋកិច្ចទាំងអស់


អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់បណ្តាក្រុមហុ៊ន ដីសម្បទានសេដ្ឋកិច្ចទាំងអស់ ត្រូវធ្វើផ្លូវព័ទ្ធជុំវិញដីឲ្យបានច្បាស់លាស់ ចៀសវាងមានការកាប់ទន្រ្ទានយកដី ធ្វើជាកម្មសិទ្ធ

ខេត្តមណ្ឌលគិរី៖ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពរបស់ក្រុមហ៊ុនផេសុីហ្វិកយ៉ញស្តុក​ ខមភេនី​ លីមីធីត ស្ថិតនៅក្នុងភូមិរវាក់ ឃុំរយ៉​ ស្រុកកោះញែ​ ខេត្តមណ្ឌលគិរី។
ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនផេសុីហ្វិចយ៉ញស្តុកខមភេនី​ លីមីធីត​ ស្តីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងបានណែនាំឲ្យក្រុមហ៊ុន ត្រូវធ្វើរបង ឬធ្វើផ្លូវព័ទ្ធជុំវិញដីសម្បទានសេដ្ឋកិច្ចដែលបានវិនិយោគ ឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងមានការចូលកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិពីបុគ្គលមួយចំនួន ហើយជាពិសេស ក៏សូមឲ្យក្រុមហ៊ុនមួយៗ ត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់សមត្ថកិច្ច និងអាជាធរដែនដី ត្រូវសហការគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។
នាឱកាសនោះ ឯកឧត្តម រួមទាំងក្រុមការងារ បានចុះពិនិត្យកន្លែងសាងសង់ប៉ាឆា(ឈាបនដ្ឋាន)​ សម្រាប់បូជាសពអ្នកដែលបានស្លាប់ដោយសារជម្ងឺកូវីដ-១៩ ដែលបានសាងសង់រួចជាស្ថាពរ ស្ថិតនៅក្នុងភូមិពូលុង សង្កាត់ រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

(មន្ទីរពត៌មានខេត្តមណ្ឌលគិរី)

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង