ព័ត៌មានជាតិ

នគរបាលក្រុងហូជីមិញ និងខេត្តឡុង អាង វៀតណាម ឧបត្ថម្ភសម្ភារៈសុខាភិបាល និងថវិកា ជូននគរបាលរាជនីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩


ភ្នំពេញ៖សម្ភារៈសុខាភិបាលជាច្រើន រួមនឹងថវិកា មួយចំនួន បំលើការងារប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ត្រូវបាន នគរបាល ក្រុងហូជីមិញ និងនគរបាលខេត្តឡុង អាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឧបត្ថម្ភជូននគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងនគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយកទៅប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅគ្រាដែលនគរបាលនៃក្រុងខេត្តនៃប្រទេសទាំង២បាននឹងនៅជួរមុខចូលរួមក្នុងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ដែលជំងឺដ៏កាចសាហាវនេះបានកំពុងឆ្លងរីករាលដាលនៅក្នុងសហគមន៍នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនាំឱ្យប្រជាពលរដ្ឋនៃប្រទេសទាំង២នេះស្លាប់ជាបន្តបន្ទាប់ផងដែរ ។
ពិធីប្រគល់និងទទួលសម្ភារៈសុខាភិបាលបានធ្វើឡើងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវលិ៍្ល ខេត្តស្វាយរៀង និងច្រកទ្វារព្រំដែនអន្តរជាតិ ប៊ិន ហៀប ខេត្តឡុង​ អាង គណៈប្រតិភូនគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំណែកភាគីនគរបាលក្រុងហូជីមិញ និងនគរបាលខេត្ត ឡុង អាង ដឹកនាំប្រតិភូដោយលោក ឧត្តមសេនីយ៍ត្រី កៅ ដាំងហឹក ស្នងការរងនគរបាលក្រុងហូជីមិញ តំណាងលោកឧត្តមសេនីយ៍ត្រី ឡេង ហុង​ណាម ស្នងការនគរបាលក្រុងហូជីមិញ។ក្នុងនោះមានការអញ្ចើញចូលរួមពីលោកស្នងការរងទទួលការងារព្រំដែននៃស្នងការដ្ឋានគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង និងវត្តមានស្នងការរងនគរបាលខេត្តឡុង អាង ផងដែរ។
នៅក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី កៅ ដាំងហឹក ស្នងការរងនគរបាលក្រុងហូជីមិញ បានលើកឡើថា ការឧបត្ថម្ភនូវគ្រឿងសម្ភារៈសុខាភិបាល និងថវិកា នៅពេលនេះ គឺជាការបង្ហាញនូវការបង្កើនកិច្ចសហប្រតិបត្តិការរឹតចំណងមិត្តភាព សាមគ្គឺភាព រវាងនគរបាលក្រុងហូជីមិញ នគរបាលខេត្តឡុង​អាង នៃប្រទេសវៀតណាម ជាមួយនគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និង ខេត្តព្រៃវែង ឱ្យកាន់តែរឹងមាំ និងការចែករំលែកបទពិសោធន៍សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលជំងឺកូវីដ១៩ កំពុងប្រឈមចំពោះមុខ នៃការរាតត្បាត នៅក្នុងប្រទេសទាំង២គឺវៀតណាម -កម្ពុជា។
​លោក ឧត្តមសេនីយ៍ត្រី កៅ ដាំងហឹក ក៏បានលើកឡើងទៀតថា នគរបាលកម្ពុជា និងនគរបាល វៀតណាម កន្លងមក បានសហការគ្នាយ៉ាងល្អក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ មិនឱ្យឆ្លងចូលទៅវិញទៅមករវាងប្រទេសវៀតណាមនិងកម្ពុជា នោះឡើយ ជាងនេះថែមទៀត លោក ក៏បានជម្រាបជូនគណៈប្រតិភូនគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងព្រៃវែង ឱ្យដឹងថា អំពីសភាពការណ៍ជំងឺឆ្លងកូវីដ១៩ នៅក្នុងប្រទេសវៀតណាម បច្ចុប្បន្ននេះ នៅតែមានកត្តាស្មុគស្មាញច្រើន ហើយការឆ្លងចូលក្នុងសហគមន៍ អាចផ្ទុះឡើងគ្រប់ពេលនិងគ្រប់ទីកន្លែង ហើយកម្លាំងនគរបាលក្រុងហូជីមិញ និងនគរបាលខេត្តឡុង អាង សហការជាមួយនគរបាលវៀតណាមទាំងមូល​បាននៅឈរជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ការឧបត្ថម្ភជូននូវសម្ភារៈសុខាភិបាលនិងថវិកានៅពេលនេះគឺមានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែជាការជួយគ្នាទៅវិញទៅមកនៅគ្រាដែលប្រទេសទាំង២កំពុងជួបការលំបាក ដោយបញ្ហាជំងឺឆ្លងកូវីដ១៩។
តមក លោកឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាតំណាងឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាលខេត្តស្វាយរៀង និងលោកស្នងការនគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្នងការនគរបាលក្រុងហូជីមិញ និងស្នងការនគរបាលខេត្ត ឡុង អាង ប្រទេសវៀតណាម ដែលបានបរិច្ចាគនូវសម្ភារៈសុខាភិបាល និងថវិកា មួយចំនួន ជូនដល់នគរបាល រាជធានីភ្នំពេញ និង នគរបាលខេត្តទាំង២ ស្វាយរៀង ព្រៃវែង ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់កងកម្លាំងនគរបាលកម្ពុជា ប្រើប្រាស់បង្ការកូវីដ១៩ ទន្ទឹមដែលនគរបាលរាជធានីភ្នំពេញ នគរបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង កំពុងបំពេញភារកិច្ចយ៉ាងសកម្ម ចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍។
​លោកស្នងការរង ឧត្តមសេនីយ៍ត្រី ជីវ លី លើកឡើងទៀតថា បច្ចុប្បន្ននេះកម្ពុជា និងវៀតណាម ជាប្រទេសជិតខាងដ៏ល្អនឹងគ្នា នៅគ្រប់កាលៈទេសៈនៃការលំបាកតែងតែជួយគ្នាទៅវិញទៅមក ដោយមិនបោះបង់គ្នានោះឡើយ ជាពិសេសទន្ទឹមដែលប្រទេសទាំង២ កំពុងរាតត្បាតដោយជំងឺឆ្លងកូវីដ១៩ បានសហការនឹងផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ មិនឱ្យនាំចូលរវាងប្រទេសទាំង២នោះឡើយ។កិច្ចការងារនេះលោកក៏សំណូមពរភាគីនគរបាលវៀតណាម បន្តសហការគ្នាឱ្យកាន់ប្រសើរថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះឱ្យកាន់តែមានប្រសិទ្ធភាព និងឈានទៅដល់ការកាត់ផ្តាច់ កុំឱ្យឆ្លងរីករាលចូលនៅក្នុងសហគមន៍នៃប្រទេសទាំង២ កម្ពុជា-វៀតណាម។
ដោយ: ទទក
https://t.me/TVKlocal/6381

ព័ត៌មានជាតិ

អត្ថបទទាក់ទង